ជប៉ុនផ្តល់ថវិកាចំនួន 483,204 ដុល្លារអាមេរិកសម្រាប់គាំទ្រគម្រោងចំនួនប្រាំនៅក្នុងប្រទេសកម្ពុជា

450

ភ្នំពេញ៖ ថ្ងៃពុធ ទី17 ខែមីនា ឆ្នាំ2021 រដ្ឋាភិបាល​​ជប៉ុន បាន​ឯកភាពផ្តល់ថវិកា​​ចំនួន 483,204 ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនប្រាំ ក្រោមគ្រោងការ​​​ណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ «ជំនួយគូសាណូណិ»​ ។ កិច្ចសន្យា​​​​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រ​ទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា និង​អ្នកតំណាងអង្គភាពទទួលជំនួយទាំងប្រាំដើម្បីអនុវត្តគម្រោងដូចតទៅ៖

1. គម្រោងសម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុលនៅខេត្តកំពង់ឆ្នាំង ជំនួយថវិកាមានចំនួន 196,750 ដុល្លារអាមេរិក និងផ្តល់ជូនដល់អង្គភាព៖ មន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង។

ឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុលនឹងត្រូវបានតម្លើងនៅមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង។ ឧបករណ៍អាចកែច្នៃកំប្លោកដែលជារុក្ខជាតិទន្រ្ទានរាតត្បាតដែលគ្មានប្រយោជន៍បំផុត ទៅជាជីវអេតាណុល។ តាម     រយៈគម្រោងនេះ យើងនឹងលើកកម្ពស់ការយកចេញកំប្លោកដែលគេមិនត្រូវការ និងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពក្នុងការប្រើប្រាស់បឹងនៅតំបន់នោះ។ គម្រោងនេះនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារអ្នកនេសាទក្នុងស្រុក និងការពារប្រព័ន្ធអេកូឡូស៊ីនៅទីនោះ។

2. គម្រោងសាងសង់អគារសម្ភពនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី ជំនួយថវិកាចំនួន 89,139 ដុល្លារអាមេរិក និងផ្តល់ជូនដល់អង្គភាព៖ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី។ 

អគារសម្ភពមួយកន្លែងនឹងត្រូវសាងសង់នៅមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគីរី។ បច្ចុប្បន្ននេះ ស្ត្រីមានផ្ទៃពោះនៅតំបន់គ្របដណ្តប់ មិនអាចស្នាក់នៅក្នុងមណ្ឌលសុខភាព មុននិងក្រោយពេលសម្រាលបានទេ ដោយសារខ្វះកន្លែងទំនេរ។ គម្រោងនេះនឹងធានាបាននូវបរិស្ថានសម្រាលដែលមានសុវត្ថិភាព និងសមរម្យជាងមុន។ យើងរំពឹងថា ស្ត្រីមានផ្ទៃពោះជាង 100នាក់ នឹងទទួលបានសេវាថែទាំផ្នែកសម្ភពដែលមានភាពល្អប្រសើរ ជារៀងរាល់ឆ្នាំ ។

3. គម្រោងសាងសងអគារផ្នែកជម្ងឺសម្រាកពេទ្យនៅក្នុងមណ្ឌលសុខភាពឆែបក្នុងខេត្តព្រះវិហារ ជំនួយថវិកាចំនួន 89,369 ដុល្លារអាមេរិក និងផ្តល់ជូនដល់អង្គភាព៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ។ 

គម្រោងនេះនឹងសាងសង់អគារផ្នែកសម្រាកពេទ្យមួយកន្លែង និងតម្លើងគ្រែចំនួនដប់ នៅក្នុងមណ្ឌលសុខភាពឆែបខេត្តព្រះវិហារ។ កន្លែងស្នាក់នៅសម្រាប់អ្នកជំងឺសម្រាកពេទ្យបច្ចុប្បន្ន មិនអាចព្យាបាលអ្នកជំងឺសម្រាកពេទ្យឲ្យបានដិតដល់ទេ ដោយសារសភាពទ្រុឌទ្រោម និងសមត្ថភាពមានកំណត់។ តាមរយៈគម្រោងនេះ អ្នកជំអឺសម្រាកពេទ្យប្រមាណ 600នាក់ នឹងទទួលបានសេវាថែទាំដែលមានភាពល្អប្រសើរ ជារៀងរាល់ឆ្នាំ នៅក្នុងទីតាំងគម្រោង។

4. គម្រោងសម្រាប់ការផ្តល់រថយន្តគ្លីនិកចល័តជួយលើការស្តារនីតិសម្បទាតាមសហគមន៍មូលដ្ឋានក្នុងខេត្តសៀមរាប
ជំនួយថវិកាចំនួន 45,745 ដុល្លារអាមេរិក និងផ្តល់ជូនដល់អង្គភាព៖ សេហ្វហេវិន។ 

រថយន្តគ្លីនិកស្តារនីតិសម្បទាចល័តមួយ នឹងត្រូវបានផ្តល់ជូនដល់អង្គការ សេហ្វហេវិន ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការផ្តល់សេវាស្តារនីតិសម្បទា។ អង្គការនេះបាននឹងកំពុងផ្តល់សេវាស្តារនីតិសម្បទារបស់ពួកគេ ដោយប្រើប្រាស់ម៉ូតូ និងម៉ូតូកង់បីតែប៉ុណ្ណោះ។ យើងរំពឹងថាកុមារពិការប្រមាណ 230នាក់ នឹងទទួលបានសេវាស្តារនីតិសម្បទាដែលមានគុណភាពប្រសើរជាងមុន។

5. គម្រោងសម្រាប់ការបំពាក់បរិក្ខារវិជ្ជសាស្ត្រនៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ
ជំនួយថវិកាចំនួន 89,202 ដុល្លារអាមេរិក និងផ្តល់ជូនដល់អង្គភាព៖ គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម។ 

គម្រោងនេះនឹងបំពាក់ម៉ាស៊ីនកាំរស្មីអ៊ិចមួយគ្រឿង ប្រព័ន្ធថតរូបដោយប្រើវិទ្យុសកម្ម មួយគ្រឿង ម៉ាស៊ីនអ៊ុលត្រាសោន មួយគ្រឿង និងម៉ាស៊ីនតាមដានអ្នកជំងឺមួយគ្រឿង នៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្ត ព្រះសីហនុ។ បច្ចុប្បន្ន គិលានដ្ឋាននេះ មិនមានឧបករណ៍វេជ្ជសាស្ត្រគ្រប់គ្រាន់សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺរបស់ពួកគេទេ។ តាមរយៈគម្រោងនេះ អ្នកជំងឺមិនសម្រាកពេទ្យប្រមាណ 1,400នាក់ និងអ្នកជំងឺសម្រាកពេទ្យចំនួន 700នាក់ ទាំងមនុស្សពេញវ័យ និងកុមារ នឹងទទួលបានសេវាវេជ្ជសាស្រ្តដែលមានភាពល្អប្រសើរជារៀងរាល់ឆ្នាំ។

ជំនួយទាំងនេះ គឺផ្អែកលើការប្តេជ្ញាចិត្តនៅក្នុងសេចក្តីថ្លែងការណ៍របស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ជប៉ុន លើកទី13 នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2020 ដែលបានថ្លែងថា៖ «ការអនុវត្តជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិឆ្នាំ2020 ក្រោមគំនិតផ្តួចផ្តើមគូសាណូណិមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ដែលមានទឹកប្រាក់សរុបប្រមាណ 91 លានដុល្លារអាមេរិក មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅតាមភូមិស្រុកថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ»។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ1991 ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគម្រាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និង សេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជម្រុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ1991 រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង 63 លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន 647 គម្រោងនៅទូទាំងប្រទេសកម្ពុជា។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត19 នៅក្នុង «ព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈ»

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា