សហព័ន្ធកីឡាគុនដាវកម្ពុជា បានរកឃើញជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2020

651

ភ្នំពេញ៖ ដោយសារតែវិបត្តិជំងឺ Covid-19 បានធ្វើឱ្យសហព័ន្ធកីឡាគុនដាវកម្ពុជាខកខានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2020 ហើយកម្មវិធីប្រកួតនេះត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2021 នៅក្នុងមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

បន្ទាប់ពីការប្រកួតបានបញ្ចប់សហព័ន្ធកីឡាគុនដាវកម្ពុជា បានរកឃើញម្ចាស់ជ័យលាភីជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2020 ដែលរួមមានដូចជា វិញ្ញាសាដាវកាប់ចម្រុះឯកត្តជនមេដាយមាសបានទៅលើកីឡាការិនី ឆាយ លីនលី។ មេដាយប្រាក់បានទៅលើកីឡាការិនី សន និច។ មេដាយសំរឹទ្ធ និងសំរឹទ្ធស្ទួន បានទៅលើកីឡាករ ជន ចំរ៉ុង និងកីឡាករ ជន ចំរើន។

សម្រាប់វិញ្ញាសាដាវតូចចម្រុះឯកត្តជនមេដាយមាសបានទៅលើកីឡាករ ខឿន ទីម៉ា។ មេដាយប្រាក់បានទៅលើកីឡាករ មាស គីមឡេង។ មេដាយសំរឹទ្ធ និងសំរឹទ្ធស្ទួន បានទៅលើកីឡាការិនី យី លីណា និងកីឡាករ ភារក្ស ភារិន។ ចំណែកឯវិញ្ញាសាដាវធំចម្រុះឯកត្តជនមេដាយមាសបានទៅលើកីឡាករ សារឿន ស័កនុ។ មេដាយប្រាក់បានទៅលើកីឡាករ សុខ ច័ន្ទរិទ្ធី។ មេដាយសំរិទ្ធ និងសំរឹទ្ធស្ទួន បានទៅលើកីឡាករ ថង ទាំងជីន និងកីឡាករ រ៉ា ណាថាន់។

លោក សុខ អាង អគ្គលេខាធិការ សហព័ន្ធកីឡាគុនដាវកម្ពុជា​ បានរៀបរាប់ប្រាប់់ឱ្យដឹងថា ឆ្នាំនេះមានកីឡាករ កីឡាការិនីចូលរួមប្រកួតមានចំនួនប្រហាក់ប្រហែលទៅនឹងការប្រកួតឆ្នាំ2019 ដដែរ។ បើទោះបីជាប្រទេសយើងប្រឈមនឹងកត្តាជំងឺ Covid-19 ដែលបានធ្វើឱ្យមានការអាក់ខានមិនបានអនុវត្តផែនការទៅតាមការគ្រោងទុកក្ដី។ ចំណែកការរៀបចំក៏ត្រូវបានធ្វើឡើងដោយមានការបត់បែនតាមស្ថានភាព និងតាមតម្រូវការជាក់ស្ដែងរបស់សហព័ន្ធតែម្តង។

លោកបានបន្ថែមទៀតថា សហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រើប្រាស់យុទ្ធសាស្រ្ដបង្កើនគុណផលអ្នកខ្សោយ និងរក្សាគុណផលអ្នកខ្លាំង។ ជាលទ្ធផលយើងសង្ខេតឃើញ អ្នកដែលមានគុណផលកម្រិតទាបមួយចំនួនមានការរីកចំរើនគួរកត់សម្គាល់ ខណៈពេលដែលសមត្ថភាពអ្នកខ្លាំងៗ កន្លងមក មិនមានការធ្លាក់ចុះខ្លាំងនោះទេ។ បច្ចុប្បន្នសហព័ន្ធកំពុងតែស្វែងរកវិធី តាមរយៈការពិគ្រោះយោបល់ជាមួយសហព័ន្ធកីឡាគុនដាវអន្ដរជាតិ និងសិក្សាជាមួយសហព័ន្ធកីឡាគុនដាវទាំងអស់ក្នុងការការពារ និងរៀបចំសកម្មភាពកីឡាឡើងវិញក្នុងឆ្នាំ2021 នេះ។

លោក សុខ អាង បាននិយាយថា៖ «នេះគឺជាការប្រកួតដើម្បីស្វែងរកកីឡាករ កីឡាការិនី សម្រាប់ប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ឱ្យបានត្រឹមត្រូវទៅតាមស្ដង់ដាសកល ក្នុងគោលដៅត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី31 នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ2021 នេះ»។

ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2020 មានក្លឹបចំនួន8 ដែលបានចូលរួមប្រកួត គឺមានដូចជា ក្លឹបហូសាណា ក្លឹបឥន្រ្ទទេវី ក្លឹបជាស៊ីមសាមគ្គី ក្លឹបផេនដា ក្លឹបអេលីត ក្លឹប Lame De Phnom Penh ក្លឹប Tom និងក្លឹបវេស្ទើន ដែលសរុបទាំងអស់មានអត្តពលិកចំនួន39 នាក់ ក្នុងនោះមានកីឡាការិនីចំនួន 8នាក់ និងកីឡាករចំនួន 31នាក់ ដោយប្រកួតលើបីវិញ្ញាសា៕

រូបថតដោយ៖ សាគូរ៉ា អេងលី