ជប៉ុនផ្ដល់ 392,371ដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវថ្នល់ ស្ពារប្រព័ន្ធធារាសាស្ត្រ និងពង្រឹងសហគមន៍កសិកម្ម

621

ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា លេខ No.39 PR-20/EoJ  ដែលបានចេញនៅថ្ងៃសុក្រ ទី18 ខែធ្នូ ឆ្នាំ2020 រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន 392,371 ដុល្លារអាមេរិក ដល់អង្គភាពចំនួនបី ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជាំនួយគូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រ ទី18 ឆ្នាំ2020 ដោយឯកឧត្តម មិកាមិ ម៉ា សាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងបីសម្រាប់គម្រោងដូចតទៅ៖

1. គម្រោងកែលម្អផ្លូវថ្នល់ក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង (196,350 ដុល្លារអាមេរិក)

អង្គភាពទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ក្នុងគម្រោងផ្លូវគ្រួសប្រវែង 750ម៉ែត្ រនឹងត្រូវបានចាក់បេតុង ហើយបំពង់លូចំនួនពីរនឹងត្រូវបានតម្លើងដើម្បីបញ្ចៀសកុំឲ្យមានទឹកដក់នៅស្រុកបុទុមសាគរ ខេត្តកោះកុង។ គម្រោងនេះត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង 2,400នាក់ តាមរយៈការទទួលបានសេវាសាធារណដូចជា សាលារៀន ផ្សារ និងមណ្ឌលសុខភាពប្រសើរជាងមុន ព្រមទាំងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការធ្វើឲ្យការដឹកជញ្ជូនដំណាំកសិកម្មមានភាពងាយស្រួល។

2. គម្រោងស្ពារប្រព័ន្ធធារាសាស្រ្តរោងដំរី ខេត្តកំពង់ឆ្នាំង (៩០,១៥៨ ដុល្លារអាមេរិក)

អង្គភាពទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ក្នុងគម្រោងទំនប់ទឹកចាស់មួយដែលមានប្រវែង 900ម៉ែត្រនឹងត្រូវបានស្ដារឡើងវិញក្នុងស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំង។ គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ជាង 2,300នាក់ ដោយធានាក្នុងការផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាពសម្រាប់សកម្មភាពកសិកម្ម ហើយទំនប់ទឹកដែលស្តាររួចនោះនឹងត្រូវបានប្រើជាមធ្យោបាយធ្វើដំណើរដើម្បីដឹកជញ្ជូនដំណាំកសិកម្ម បានយ៉ាងងាយដែលជាលទ្ធផលនឹងធ្វើឲ្យគុណភាពនៃជីវិតរបស់ពួកគាត់មានភាពប្រសើរឡើង។

3.គម្រោងពង្រឹងសហគមន៍កសិកម្មនៅស្រុកកោះញែកនិងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី (105,863ដុល្លារ)

អង្គភាពទទួលជំនួយ៖ មន្ទីរកសិកម្មក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី ក្នុងគម្រោងនេះ ឃ្លាំងស្តុក និងម៉ាស៊ីនកិនស្រូវនឹងត្រូវបានផ្តល់ជូននៅសហគមន៍កសិកម្មសាមគ្គីមានរិទ្ធនៅស្រុកកោះញែក។ មជ្ឈមណ្ឌលប្រមូលផ្តុំវេចខ្ចប់ និងចែកចាយកសិផលរួមជាមួយនឹងបន្ទប់ត្រជាក់ រក្សាកសិផលក៏នឹងត្រូវបានសាងសង់នៅក្នុងសហគមន៍កសិកម្មសាមគ្គីមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ គម្រោងនេះត្រូវបានរំពឹងថាកសិករប្រហែលនាក់ដែលជាសមាជិកនៃសហគមន៍ កសិកម្ម និងប្រជាជន៣៩០ គ្រួសារនៅក្នុងទីតាំងគម្រោងនឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អ គុណភាពផលិតផលកសិកម្មរបស់ពួកគាត់និងខ្សែសង្វាក់តម្លៃបន្ថែមលើអាជីវកម្មរបស់សហគមន៍ក សិកម្ម។

ជំនួយទាំងនេះគឺផ្អែកលើការប្តេជ្ញាចិត្តរបស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី13 នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2020 ដែលបានថ្លែងថា ‌‍‌‌‌«ការអនុវត្តជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិឆ្នាំ2020 ក្រោមគំនិតផ្តួចផ្តើមគូសាណូជាមេគង្គសម្រាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានទឹកប្រាក់សរុប 91លានដុល្លារអាមេរិក ដែលរៀបចំ ឡើងក្នុងគោលបំណងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅតាមភូមិស្រុក ថ្នាក់មូលដ្ឋានទូទាំង តំបន់មេគង្គ»។

ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ1991 ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូរ របស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ1991 រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង 62លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន635 គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

ប្រភពដោយ៖ ស្ថានទូតជប៉ុននៅកម្ពុជា