ជប៉ុនផ្ដល់ 288, 473ដុល្លារអាមេរិក សម្រាប់ការបំពាក់ឧបករណ៍ពេទ្យ ឧបករណ៍បោះពុម្ពអក្សរប្រៃយ៍ និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យការស្តាប់ឮ

636

ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា លេខ No.40 PR-20/EoJ ដែលបានចេញនៅថ្ងៃច័ន្ទ ទី21 ខែធ្នូ ឆ្នាំ2020 រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន 288, 473 ដុល្លារអាមេរិក ដល់អង្គភាពចំនួនបី ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃច័ន្ទ ទី21 ឆ្នាំ2020 ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងបី សម្រាប់គម្រោងដូចតទៅ៖

1. គម្រោងបំពាក់ឧបករណ៍ពេទ្យនៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ (ថវិកាចំនួន 8,900 ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ ការិយាល័យស្រុកប្រតិបត្តិព្រៃកប្បាស។

ក្នុងគម្រោងម៉ាស៊ីនកាំរស្មីអ៊ុចមួយគ្រឿង ម៉ាស៊ីនថតឆ្លុះអេកូ មួយគ្រឿង និងម៉ាស៊ីនភ្លើងមួយគ្រឿង នឹងត្រូវបានបំពាក់នៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ។ បច្ចុប្បន្នមន្ទីរពេទ្យ គឺមិនមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺរបស់ពួកគេឲ្យបានគ្រប់គ្រាន់ដោយសារតែកង្វះខាតឧបករណ៍។ តាមរយៈគម្រោងនេះអ្នកជំងឺប្រមាណ 1500 នាក់នឹងទទួលបានសេវាវេជ្ជសាស្ត្រដែលមានភាពប្រសើរឡើងជារៀងរាល់ឆ្នាំ។

2. គម្រោងបំពាក់ឧបករណ៍បោះពុម្ពអក្សរប្រៃយ៍ នៅសាលាពិសេសនារាជធានីភ្នំពេញនិងខេត្តចំនួន៣ (ថវិកាចំនួន 96,726 ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការគ្រួសារថ្មី។

ក្នុងគម្រោងនេះម៉ាស៊ីនបោះពុម្ពអក្សរប្រៃយ៍ចំនួនបួន និងឧបករណ៍ថតសម្លេងចំនួនបួននឹងត្រូវបានតម្លើងនៅសាលាពិសេសនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តបាត់ដំបង។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយដល់សិស្សនិងគ្រូជាង 210 នាក់តាមរយៈការកែលម្អបរិយាកាសសិក្សា។

3. គម្រោងតម្លើងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យការស្តាប់ព្ទ និងពង្រឹងសេវាព្យាបាលការទំនាក់ទំនងសម្រាប់ កុមារនៅភ្នំពេញនិងខេត្តទាំង6 (ថវិកាចំនួន 103,847 ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការសុខភាពត្រចៀកនៅកម្ពុជា។

ក្នុងគម្រោងនេះឧបករណ៍វេជ្ជសាស្ត្រដូចជាឧបករណ៍ប្រព័ន្ធវាស់ស្ទង់កម្រិតសម្លេងក្នុងរន្ធត្រចៀកនិងប្រព័ន្ធកំណត់ពាក្យនិយាយចំនួនមួយប្រព័ន្ធអូតូស្កុបចំនួនមួយឧបករណ៍វាស់ចលនាក្រដាសត្រចៀកចំនួនមួយ ឧបករណ៍វាស់កម្រិតសម្លេងសុទ្ធ និងវាស់កម្រិតពាក្យនិយាយចំនួនពីរ និងឧបករណ៍វិភាគសំពាធខ្យល់ និងចលនាឆ្អឹងក្នុងត្រចៀកកណ្តាលចំនួនមួយដែលនឹងត្រូវបានផ្តល់ជូនអង្គការសុខភាពត្រចៀកនៅកម្ពុជាដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការធ្វើរោគវិនិច្ឆ័យ និងការស្តារនីតិសម្បទា។ អង្គការបាន និងកំពុងផ្តល់សេវាកម្មរបស់ខ្លួនដល់ប្រជាជនដែលមានបញ្ហាត្រចៀក។ តាមរយៈគម្រោងនេះអ្នកជំងឺជាង 7,500 នាក់នឹងទទួលបានអត្ថប្រីយោជន៍ពីគុណភាពប្រសើរឡើងនៃសេវាកម្មធ្វើរោគវិនិច្ឆ័យនិងព្យាបាលទំនាក់ទំនង។

ជំនួយទាំងនេះគឺផ្អែកលើការប្តេជ្ញាចិត្តរបស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី13 នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2020 ដែលបានថ្លែងថា ការអនុវត្តជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិឆ្នាំ2020 ក្រោមគំនិតផ្តួចផ្តើមគូសាណូជាមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលមានទឹកប្រាក់សរុប 91 លានដុល្លារអាមេរិក ដែលរៀបចំឡើងក្នុងគោលបំណង ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅតាមភូមិស្រុក ថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ។

ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ1991 ដើម្បីគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញ នូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ1991 រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង 62លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូព៌ា ចំនួន៦៣៨គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

ប្រភពដោយ៖ ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា