ពាណិជ្ជកម្មឥណ្ឌា CLMV លើកទី6​ ត្រូវបានរៀបចំសន្និសីទតាម​ប្រព័ន្ធអនឡាញ

1013

ភ្នំពេញ៖ សហព័ន្ធឧស្សាហកម្មឥណ្ឌា សហការជាមួយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម នៃ​រដ្ឋាភិបាលឥណ្ឌាបានរៀបចំសន្និសីទពាណិជ្ជកម្មឥណ្ឌា CLMV លើកទី6 ក្រោម​ប្រធានបទ Building Bridges for Constructive Development in virtual format with Cambodia, Lao PDR, Myanmar, and Vietnam នៅថ្ងៃទី3-4 ខែធ្នូ ឆ្នាំ2020 តាម​ប្រព័ន្ធអនឡាញ កិច្ច​ប្រជុំនេះ គឺ​ជា​វេទិកាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាជាមួយបណ្តាប្រទេស CLMV ។

ព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃនេះ គឺផ្តោតការយកចិត្តទុកដាក់​របស់ប្រទេសសមាជិក​ និងមានការចូលរួមពីរដ្ឋាភិបាលឥណ្ឌា និងប្រទេស CLMV។ ក្រៅពីកិច្ច​ប្រជុំ​រយៈពេល​ពីរថ្ងៃ ការតាំងពិព័រណ៍តាម​រយៈ​អនឡាញ​ក៏បាន​រៀប​ចំ​ផងដែរ​ក្នុងរយៈពេល 15ថ្ងៃ ជាមួយសហគ្រាសមកពីប្រទេសឥណ្ឌា និងប្រទេស CLMV ដើម្បី​បង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេនៅលើវិស័យជាច្រើនដូចជាកសិកម្ម ការកែច្នៃផលិតផលកសិកម្ម សេវាកម្មផ្សេងៗ​ ទាក់ទង​ផ្នែក​កសិកម្ម​ ផលិតកម្ម និងឧស្សាហកម្មធុនស្រាល ដែលរួមមានដូចជារថយន្ត វាយនភ័ណ្ឌនិងម៉ាស៊ីន ថាមពល និងថាមពលធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ ឱសថ ជំនាញ IT និងវិស័យ​អប់រំ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ រដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋលេខាធិការមកពីប្រទេសឥណ្ឌា និងប្រទេស CLMV បានចូលរួមក្នុងពិធីបើកសន្និសីទសារព័ត៌មានស្តីពីពាណិជ្ជកម្មដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី3 ខែធ្នូ​ ឆ្នាំ2020។ ពីប្រទេសកម្ពុជា ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឱ្យ ឯកឧត្តម ប៉ាន សូរ ស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា។

ពីខាងភាគី​ឥណ្ឌា  លោក V. Muraleedharan រដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការការ​បរទេស​បានលើកឡើងនៅក្នុងពិធីបើកកិច្ច​ប្រជុំ​​ពីកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាជាមួយតំបន់ CLMV ក្នុងរយៈកាល​កូវីដ​19 ដូចជាការផ្តល់ថ្នាំនិងវេជ្ជសាស្ត្រ​ និង​បណ្តុះបណ្តាលបុគ្គលិកពេទ្យតាមរយៈកម្មវិធី​ ITEC។ លោកបានបន្ថែមថា​ប្រទេស​ឥណ្ឌា​ព្យាយាមបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយប្រទេស​ CLMV ជាមួយ​នឹងការ​អភិវឌ្ឍវ៉ាក់សាំងប្រឆាំង​កូវីដ​19 ហើយនឹងមានឆន្ទៈក្នុងការចែករំលែកវ៉ាក់សាំងនៅពេលធ្វើបាន​ជោគជ័យ។​

លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះ​សមាហរណកម្មអាស៊ាន និងកម្មវិធី​តភ្ជាប់​អាស៊ាន​ និងបានលើកទឹកចិត្តប្រទេសអាស៊ាន ជាពិសេសប្រទេស CLMV សម្រាប់ការប្រើប្រាស់ខ្សែបន្ទាត់ឥណទាន 1 ពាន់លានដុល្លារសម្រាប់ការពង្រឹងការតភ្ជាប់តាមបែបឌីជីថលនិងតាមបែបផ្សេងៗ។

នៅក្នុងសុន្ទរកថា​ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានពន្យល់អំពីវិធានការប្រកបដោយប្រសិទ្ធភាពដែលបានអនុវត្តដោយប្រទេសកម្ពុជាដើម្បីគ្រប់គ្រងជំងឺរាតត្បាត COVID-19 និងបាន​យន្តការសម្របសម្រួលពាណិជ្ជកម្មនៅកម្ពុជា  កែលម្អភ័ស្តុភារ និងការ​ប្រើប្រាស់​ការិយាល័យ​ច្រកចេញចូលតែមួយ​សម្រាប់ការបង្កើតអាជីវកម្មថ្មី  ការតភ្ជាប់ក្នុង​តំបន់ ធ្វើអោយ​តំណែង​​ប្រទេសកម្ពុជា​នៅក្នុងសន្ទស្សន៍នៃ​ភាពងាយស្រួលនៃការធ្វើអាជីវកម្មរបស់​ធនាគារ Word Bank មានភាព​ល្អ​ប្រសើរ​ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ក៏ដូចជា​បង្ហាញពី​គុណសម្បត្តិនៃការវិនិយោគនៅកម្ពុជាដោយសារគម្រោងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងនីតិវិធីគយមានភាព​សាមញ្ញ។ ឯកឧត្តម ឈួន ដារ៉ា ក៏បានឆ្លៀតឱកាសអញ្ជើញធុរជន​មក​វិនិយោគបន្ថែមទៀតនៅកម្ពុជា៕

ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ 

2 COMMENTS

Comments are closed.