ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចូលក្រាបថ្វាយបង្គំ និងថ្វាយសារតែងតាំងចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី

752

ភ្នំពេញ៖ ថ្ងៃពុធ ទី25 ខែវិច្ឆិកាឆ្នាំ2020 លោកជំទាវ វេជ្ជបណ្ឌិត ដេវយ៉ានី ឧតុម ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំព្រះរាជាណាចក្រកម្ពុជា ​បានចូលក្រាបថ្វាយបង្គំ និងថ្វាយសារតែងតាំងចំពោះ​ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះបរមនាថនរោត្តម សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុងព្រះ​បរមរាជវាំង។

លោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ ត្រូវបានប្រោសព្រះរាជាទានឱ្យចូលក្រាបថ្វាយបង្គំ និងថ្វាយសារតែងតាំងជាឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​សព្វព្រះរាជហឬទ័យប្រោស​ព្រះរាជ​ទាន​​​នូវការស្វាគមន៍យ៉ាងរាក់ទាក់ជូនចំពោះលោកជំទាវ​ និងបាន​ព្រះរាជអង្ការំលឹកឡើងវិញនូវទំនាក់​ទំនង​ដ៏​ស៊ីជម្រៅ យូរអង្វែង និងស្ថិតស្ថេររវាង​ប្រទេស​ឥណ្ឌា​ និងប្រទេសកម្ពុជា​ដែលមិនត្រឹមតែមាន​នៅក្នុង​សម័យ​នាពេលបច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ វាបានកើតឡើង​តាម​រយៈ​ទំនាក់ទំនង​​វប្បធម៌ ​និងសាសនាដែលបានផ្សារភ្ជាប់​ជា​ច្រើន​​សតវត្សរ៍​កន្លង​មក។ ព្រះករុណាជាអម្ចាស់ជិវិត​លើ​ត្បូង​​បានកោតសរសើរចំពោះ​កិច្ចសហ​ប្រតិ​​បត្តិ​ការ​ទ្វេភាគី​រវាងឥណ្ឌា និងកម្ពុជា​លើគ្រប់វិស័យ ដូចជានយោបាយ វប្បធម៌ ការ​អភិ​វឌ្ឍ​​សេដ្ឋកិច្ច រួមទាំង​គម្រោង​សហប្រតិបត្តិការអភិវឌ្ឍន៍ ការកសាង​សមត្ថភាព។ ​ព្រះករុណាជាអម្ចាស់ជិវិត​លើ​ត្បូង​​បានកោត​សរសើរជាពិសេសចំពោះការងារអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​​ដែលឥណ្ឌាបាននឹងកំពុងអនុវត្ត​នៅ​ប្រាសាទ​អង្គរវត្តនិង ប្រាសាទព្រហ្ម។

លោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ បានពាំនាំមកនូវការស្វាគមន៍យ៉ាងកក់ក្តៅ​ពីថ្នាក់​ដឹកនាំ និ​ង​ប្រជាជន​ឥណ្ឌា​ថ្វាយដល់​ព្រះករុណា និងជូន​ប្រជាជនកម្ពុជា។ ជាមួយនឹងការសង្កត់ធ្ងន់លើសារៈសំខាន់ននៃទំនាក់ទំនង​រវាង​ប្រទេស​ឥណ្ឌា​ជាមួយប្រទេសកម្ពុជា លោកជំទាវ​បានទូលថ្វាយ​នូវការប្តេជ្ញាចិត្តដ៏មុតមាំ​ក្នុងការអភិវឌ្ឍ ​និ​ង​ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ បានទូលថ្វាយ​បន្ថែមទៀតថា​លោកជំទាវនឹង​ខិតខំប្រឹង​ប្រែង​ធ្វើយ៉ាងណា​ដើម្បី​ធ្វើឱ្យមិត្តភាពយូរអង្វែង​រវាង​ឥណ្ឌា និងកម្ពុជា​ឈានដល់កម្រិតខ្ពស់មួយ​លើគ្រប់វិស័យ​នៃកិច្ចសហប្រតិបត្តិ​ការ​របស់យើង។​ លោកជំទាវបានទូលថ្វាយទៀត​ថា​ប្រទេសឥណ្ឌា​មានកិត្តិយស ​និង​ថ្លែង​អំណរគុណចំពោះការ​អនុញ្ញាតឱ្យឥណ្ឌា​​ក្លាយ​ជាប្រទេស​ដំបូង ​ក្នុងការ​ជួយ​ក្នុង​ការអភិរក្ស​ប្រាសាទ​​អង្គរវត្ត​​ដែលជាការបញ្ជាក់ពីការផ្សារភ្ជាប់​វប្បធម៌ដ៏ជ្រាលជ្រៅរបស់យើង ហើយការងារ​ស្តារ​ប្រាសាទនេះ​​ក៏បាន​បានផ្តល់ឱកាសក្នុងការ​រុករកឡើងវិញនូវបេតិកភណ្ឌ​ដ៏សម្បូរបែបនៃ​អរិយធម៌​និង​វប្បធម៌​ឥណ្ឌា។

ព្រះករុណា​ ព្រះបាទ​សម្តេច ​ព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអបអរសាទរលោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ និងធានាផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញ​​​ទំហឹងពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញភារកិច្ចរបស់លោកជំទាវ។

មុនភារកិច្ចបច្ចុប្បន្នរបស់លោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ  គឺជាប្រធាន​គម្រោងកសាងសមត្ថភាព និងវប្បធម៌ បេតិកភណ្ឌ នៃក្រសួងការបរទេស​ឥណ្ឌា ក្នុងឋានៈជាអគ្គនាយករដ្ឋបាលភាព​ជាដៃ​គូ​អភិវឌ្ឍន៍​ចាប់ពីឆ្នាំ2019។ ក្នុងអំឡុងពេលអាជីពការទូត​លោកជំទាវ​បានបម្រើការនៅទីក្រុងប៊ែរឡាំង អ៊ីស្លាម៉ាបាដ នៃទីក្រុងរ៉ូម និងញូវយ៉ក។ នៅទីស្នាក់ការកណ្តាល​នៃទីក្រុង ញូវ ដេលី លោកជំទាវ​បានបម្រើការងារនៅក្នុងផ្នែកជាច្រើននៃក្រសួងការបរទេស រួមមាន​ប៉ាគីស្ថាន​ អា​ហ្គានីស្ថាន និងអ៊ីរ៉ង់ អឺរ៉ុបកណ្តាល លើផ្នែកហិរញ្ញវត្ថុ ផ្នែកកុងស៊ុល លិខិតឆ្លងដែន ទិដ្ឋាការ និង​នាយកដ្ឋាន​​​សហករណ៍សហព័ន្ធ ហើយលោកជំទាវអាច​និយាយភាសាអង់គ្លេស ម៉ារ៉ាធិន ហិណ្ឌូ​ និង​អាល្លឺម៉ង់ បានយ៉ាងល្អ។

លោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ បានបោះពុម្ភរឿងខ្លីៗ​ ក៏ដូចជាសៀវភៅរឿងកុមារ​ដែល​មាន​ប្រជាប្រិយ​ភាព គឺរឿង «ដំណើរផ្សងព្រេងរបស់យុវជនអេមប៊ែក» ក្រៅពី​គ្រូបង្ហាត់យូហ្គាដែលមាន​សញ្ញាប័ត្រ និងជាអ្នករត់ចម្ងាយ លោកជំទាវក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិបស្សនាកម្មដ្ឋាន ​និងព្រះពុទ្ធសាសនា​ផងដែរ៕

រូបថតដោយ៖ សហការី