ភ្នំពេញ៖ ជាការឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងទស្សនៈពង្រឹងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណង ODA ក្នុងទឹកប្រាក់ ៤,៥០១លានយ៉េន ដែលស្មើប្រមាណជា ៤១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់៣គម្រោងដល់ប្រទេសកម្ពុជា។
លិខិតប្តូរសារផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង ទាំង៣នេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
គម្រោងទាំង៣ផ្តោតទៅលើរួមមាន គម្រោងធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា ២,១៥៣លានយ៉េន។ គម្រោងកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សដែលនឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ៣៤៨លានយ៉េន និងគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលនឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ២០០០លានយ៉េន។
មន្ទីរពេទ្យខេត្តសៀមរាបជាមន្ទីរពេទ្យមូលដ្ឋានមួយនៅភាគខាងជើងនៃប្រទេសកម្ពុជាដែលទទួលអ្នកជម្ងឺជាច្រើន ជាពិសេសអ្នកជម្ងឺដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលមកពីខេត្តសៀមរាបផ្ទាល់ និងបណ្តាខេត្តជុំវិញនានា។ លើសពីនេះ ដោយសារកង្វះខាតឧបករណ៍បរិក្ខារ និងធនធានមនុស្សនៅតាមមណ្ឌលសុខភាពក្នុងតំបន់ក្នុងខេត្តសៀមរាប បណ្តាលឲ្យអ្នកជម្ងឺដែលគួរតែទទួលការព្យាបាលនៅតាមមណ្ឌលសុខភាពទាំងនោះត្រូវមកទទួលការព្យាបាលនៅមន្ទីរពេទ្យខេត្ត ដែលជាលទ្ធផលធ្វើឲ្យមានចំនួនអ្នកជម្ងឺច្រើនលើសលប់។ ទោះប៉ុន្តែ ភាពចាស់ទ្រុឌទ្រោមនៃអគារដែលបានសាងសង់នៅក្នុងទសវត្សឆ្នាំ១៩៧០ និងកង្វះខាតឧបករណ៍បរិក្ខារធ្វើឲ្យមន្ទីរពេទ្យមិនអាចផ្តល់សេវាវេជ្ជសាស្ត្របានគ្រប់គ្រាន់។
គម្រោងនេះនឹងធ្វើការកែលម្អអគារ និងសំភារៈបរិក្ខារ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ នៅក្នុងខេត្ត ក្នុងគោលដៅបង្កើនចំនួនវះកាត់ប្រចាំឆ្នាំនៅមន្ទីរពេទ្យខេត្តសៀមរាបពីចំនួន ៣,៣០៦ ក្នុងឆ្នាំ២០១៨ ដល់ ៤,៧៣២ ក្នុងឆ្នាំ២០២៦ ដែលជាឆ្នាំដែលគម្រោងនឹងត្រូវបានបញ្ចប់រយៈពេល៣ឆ្នាំ។ គម្រោងនេះត្រូវបានរំពឹងថានឹងពង្រឹងប្រព័ន្ធសុខាភិបាល និងធ្វើឲ្យប្រសើរឡើងនូវការទទួលបានសេវាសុខាភិបាល និងសុខភាពជាមូលដ្ឋាននៅក្នុងខេត្តសៀមរាប។
នៅប្រទេសកម្ពុជា ធនធានមនុស្សដែលមានទេពកោសល្យជាច្រើន ត្រូវបានបាត់បង់ដោយសារសង្គ្រាមស៊ីវិលដែលបានបន្តអស់រយៈពេលប្រមាណជាង២០ឆ្នាំ ចាប់តាំងពីទសវត្សឆ្នាំ១៩៧០ និងដោយសារតែកង្វះខាតនៃគ្រឹះស្ថានឧត្តមសិក្សា ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ គឺជាបញ្ហាបន្ទាន់សំខាន់ដែលត្រូវដោះស្រាយ។ ដូច្នេះហើយប្រទេស ជប៉ុនបាននឹងកំពុងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនបន្ថែមទៀត ហើយជាផ្នែកនៃកិច្ចសហប្រតិបត្តិការនេះ ជប៉ុនបាននឹងកំពុងជួយបណ្តុះបណ្តាលមន្ត្រីវ័យក្មេងរបស់ប្រទេសកម្ពុជាឲ្យទទួលបានសញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ពីគ្រឹះស្ថានក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន។
តាមរយៈកិច្ចសហប្រតិបត្តិការនេះមន្ត្រីវ័យក្មេងកម្ពុជាចំនួន២៦នាក់ នឹងអាចទៅសិក្សានៅសាកលវិទ្យាល័យ នានាក្នុងប្រទេសជប៉ុន។ យើងរំពឹងថា ធនធានមនុស្សក្រោមកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគតលើវិស័យនីមួយៗ ហើយក៏ជាការយោគយល់គ្នាទៅវិញទៅមក និងការកសាងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជាផងដែរ។
នៅក្នុងពិភពសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ ការរីករាលដាលនៃជម្ងឺ កូវីដ១៩ គឺជាការគំរាមកំហែងដ៏ធំធេងដល់សេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងអស់រួមទាំងប្រទេសជប៉ុនផងដែរ។ សហគមន៍អន្តរជាតិទាំងមូលត្រូវតែធ្វើការរួមគ្នាប្រឆាំងនឹងជម្ងឺកូវីដ១៩។ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងគ្រប់គ្រងស្ថានការណ៍លំបាកនៅក្នុងប្រទេស ជម្ងឺកូវីដ១៩ អាចមានលទ្ធភាពចាប់ផ្តើមរីករាលដាលជាថ្មីម្តងទៀតក្នុងប្រទេស និងតំបន់ដោយសារតែប្រព័ន្ធសុខាភិបាលនៅមានកម្រិតនៅក្នុងប្រទេស។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ ការពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីទប់ទល់នឹងជំងឺឆ្លងពិតជាមានសារៈសំខាន់ណាស់។
នៅក្នុងគម្រោងនេះ ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត មានដូចជារថយន្តសង្គ្រោះបន្ទាន់ គ្រែសម្រាប់បន្ទប់ ICU ជាដើម នឹងត្រូវផ្តល់ជូនប្រទេសកម្ពុជា ហើយយើងរំពឹងថាគម្រោងនេះ នឹងចូលរួមចំណែកក្នុងការការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមរយៈការពង្រឹងប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេស។ ប្រទេសជប៉ុន នឹងបន្តគាំទ្រដល់បណ្តាប្រទេស ដែលមានប្រព័ន្ធសុខាភិបាលនៅមានកម្រិត ដោយសហការជាមួយសហគមន៍អន្តរជាតិដើម្បីគ្រប់គ្រងជម្ងឺកូវីដ១៩ ឲ្យបានឆាប់បំផុត៕
រូបថតដោយ៖ សហការី
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/06/IMG_7195-1.jpg?resize=696%2C473)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/06/IMG_7193.jpg?resize=696%2C472)