អ្នកនិពន្ធចាស់វស្សាលោកស្រី អ៊ុច ថាវី «ត្រឹមតែជាសៀវភៅ ខ្ញុំស្កប់ស្កល់ហើយ!»

1897

ភ្នំពេញ៖ «ត្រឹមតែជាសៀវភៅ ខ្ញុំស្កប់ស្កល់ហើយ!» ជាពាក្យសម្តីចេញពីមាត់របស់អ្នកនិពន្ធដ៏ប៉ិនប្រសប់ លោកស្រី អ៊ុច ថាវី ឆ្លើយមកកាន់កញ្ញា ​ទួត ណាវ័ន្ត ​ដែលជាអ្នកសារព័ត៌មានគេហទំព័រ FYN។ ក្នុងវ័យ៣៩ឆ្នាំ មានភ្នែកតូចៗបែបកូនកាត់ចិន ពាក់វ៉ែនតាម្ញ៉ូប មានសក់ខ្មៅរលោងត្រឹមស្មា និងមានអត្តចរិតសុភាពរាបសា ជាពិសេសមានភាពរួសរាយ លោកស្រីបានបញ្ជាក់ប្រាប់ឱ្យដឹងពីគម្រោងចូលនិវត្តន៍របស់លោកស្រីថា «នៅថ្ងៃអនាគត ពេលដែលខ្ញុំចូលនិវត្តន៍ ខ្ញុំមានសេចក្តីប្រាថ្នាចង់ប្រមូលផ្តុំក្មេងៗដែលជាអ្នកចូលចិត្តអាន ចូលចិត្តសរសេរ ចូលចិត្តស្រាវជ្រាវ និងចូលចិត្តតែងនិពន្ធបង្កើតជាក្លឹបសរសេរសៀវភៅល្អៗសម្រាប់ក្មេងជំនាន់ក្រោយបានអាន»។

ជាមួយបទពិសោធតែងនិពន្ធជិត២០ឆ្នាំ លោកស្រី អ៊ុច ថាវី ម្ចាស់ស្នាដៃជាច្រើន មានទាំងស្នាដៃជាវីដេអូ និងជាសៀវភៅប្រលោមលោកបោះពុម្ព បានយល់ព្រមចែករំលែកបទពិសោធក្នុងកិច្ចការតែងនិពន្ធជាមួយអ្នកសារព័ត៌មានគេហទំព័រ FYN។

ជារឿងដ៏វែងឆ្ងាយមួយសម្រាប់លោកស្រី អ៊ុច ថាវី ក្នុងដំណើរឆ្ពោះមកកាន់អាជីពជាអ្នកនិពន្ធ។ អ្នកនិពន្ធដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាពរូបនេះ បានបង្ហើបប្រាប់ថា រូបគាត់មិនដែល​​​ស្រមើ​ស្រមៃទាល់តែសោះថាចង់ធ្វើជាអ្នកនិពន្ធ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរ និងចាប់ផ្តើមឡើងកាលពីពេលលោកស្រីរៀននៅថ្នាក់ទី១០ និងទី១១ គឺក្នុងអំឡុងឆ្នាំ១៩៩៥-១៩៩៦ លោកស្រីបានបញ្ជាក់ជាមួយប្រយោគ «កាលណោះ ខ្ញុំវក់អានសៀវភៅរឿងខ្លាំងណាស់»

មកដល់ត្រឹមនេះ អ្នកនិពន្ធយើងរំឭកពីអនុស្សាវរីយ៍ថា  «នៅស្រុកខ្ញុំ មានផ្ទះពីរដែលបើកជួលសៀវភៅរឿង។ វាជាសម័យកាលដែលរឿងប្រលោមលោកខ្នាតវែងសរសេរដោយដៃទទួលបានការពេញនិយមខ្លាំង។ គ្មានរឿងណាមួយដែលថាខ្ញុំមិនបានជួលមកអាននោះទេ ហើយពេលអស់រឿងអាន ខ្ញុំក៏ជួលរឿងដដែលៗយកមកអានបន្តទៀត។ ខ្ញុំជក់អានខ្លាំងដល់ថ្នាក់លួចបន្លំអានក្នុងម៉ោងរៀន គឺយកសៀវភៅមេរៀនដាក់ពីក្រៅ សៀវភៅរឿងដាក់ពីខាងក្នុង ហើយរវល់តែស្លុងអារម្មណ៍តាមសាច់រឿងក៏មិនបានចាប់អារម្មណ៍ថាគ្រូដើរមកឈរពីក្រោយខ្នង។ ខ្ញុំជឿថាមានមនុស្សច្រើននាក់ណាស់ដែលលួចអានរឿងប្រលោមលោកក្នុងថ្នាក់ហើយត្រូវគ្រូចាប់បានដូចជាខ្ញុំ»

លោកស្រីបានលើកឡើងទៀតថា «ចំណែកនៅផ្ទះវិញ ខ្ញុំអានរឿងដល់យប់ជ្រៅ ហើយក៏ត្រូវម៉ែស្តីបន្ទោស។ ដើម្បីអាចគេចផុតពីការស្តីបន្ទោសរបស់ម៉ែបាន និងអាចអានរឿងតាមចំណង់របស់ខ្ញុំបានតាមចិត្ត ខ្ញុំបាននឹកឃើញវិធីមួយ។ ខ្ញុំអុជចង្កៀងប្រេងកាតដាក់កណ្តាលមុងហើយសំងំអាន។ ពន្លឺចង្កៀងវាមិនភ្លឺខ្លាំងដូចពន្លឺអំពូលភ្លើងទេ ហើយវាក៏មិនអាចចាំងពន្លឺទៅក្រោមបានដែរ ព្រោះខ្ញុំក្រាលកន្ទេល។ ជាលទ្ធផល ខ្ញុំក៏បានអានរឿងតាមចិត្តខ្ញុំចង់ ហើយចុងក្រោយភ្នែកខ្ញុំក៏ត្រូវពាក់វែនតាម្ញ៉ូបដូចសព្វថ្ងៃ»

តោះ! មកអានអត្ថបទខាងក្រោមដែលជាកិច្ចសម្ភាសន៍ផ្តាច់មុខរវាងសារព័ត៌មានគេហទំព័រ FYN ជាមួយអ្នកនិពន្ធអាជីព លោកស្រី អ៊ុច ថាវី៖

១.​​ ជាក្តីស្រមៃដែរឬទេ សម្រាប់ដំណើរឆ្ពោះមកកាន់អាជីពជាអ្នកនិពន្ធ?

លោកស្រី អ៊ុច ថាវី បានប្រាប់ឱ្យដឹងថា «គ្រូពេទ្យ និងមេធាវី គឺជាអាជីពក្នុងក្តីស្រមៃរបស់ខ្ញុំ ប៉ុន្តែខ្ញុំក៏បានបោះបង់ក្តីស្រមៃទាំងពីរនេះចោល ក្រោយពីខ្ញុំប្រឡងធ្លាក់។ ខ្ញុំប្រឡងជាប់នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកសង្គមសាស្រ្ត និងមនុស្សសាស្រ្ត ឯកទេសអក្សរសាស្រ្តខ្មែរ។ កាលណោះ ខ្ញុំដូចជាមិនមានក្តីស្រមៃចង់ធ្វើអ្វីឱ្យប្រាកដឡើយ គ្រាន់តែគិតថាចង់បានការងារធ្វើ ដើម្បីបានប្រាក់ខែយកមកជួយសម្រាលបន្ទុកគ្រួសារតែប៉ុណ្ណោះ ហើយខ្ញុំដើររៀនគ្រប់វគ្គខ្លីៗដែលសមាគមនានាបានបើកដោយមិនគិតថ្លៃ» ។ គាត់បញ្ជាក់បន្ថែមថា «ខ្ញុំពូកែរៀន តែរៀនមិនពូកែទេ»​

នៅឆ្នាំ២០០១ តាមរយៈការជួយជ្រោមជ្រែងរបស់មិត្តភក្តិ ខ្ញុំបានដាក់ពាក្យចូលបម្រើការងារនៅអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាក្នុងតួនាទីជាអ្នកនិពន្ធរឿងអប់រំ។ «ខ្ញុំជឿថា ខ្ញុំអាចជាប់ការងារនៅទីនោះដោយសារខ្ញុំបានទទួលការបណ្តុះបណ្តាលវគ្គតែងនិពន្ធពីសមាគមអ្នកសាបព្រោះ ដែលមានលោកគ្រូ យិន លួត លោកគ្រូ រស់ ចន្ត្រាបុត្រ លោកគ្រូ សោម សុមុនី លោកគ្រូ ស៊ុំ ឈុំប៊ុន លោកគ្រូ យូ បូ និងលោកគ្រូៗមួយចំនួនទៀតផ្តួចផ្តើមបង្កើតឡើង ហើយកាលណោះខ្ញុំក៏បានប្រឡងចូលសិក្សាវគ្គបណ្តុះបណ្តាលអ្នកកាសែត ដែលបើកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (បច្ចុប្បន្នគឺ DMC)»​

. តើលោកស្រីចាប់ផ្តើមស្រឡាញ់អាជីពអ្នកនិពន្ធនៅពេលណា?

អ្នកនិពន្ធចាស់វស្សារូបនេះបានតបមកវិញជាមួយនឹងស្នាមញញឹមថា «ខ្ញុំចាប់ផ្តើមស្រឡាញ់អាជីពជាអ្នកនិពន្ធនេះកាន់តែខ្លាំងនៅពេលដែលស្នាដៃរបស់ខ្ញុំត្រូវបានទស្សនិកជនទទួលស្គាល់ និងត្រូវពួកគាត់និយាយតៗគ្នាពីមាត់មួយទៅមាត់មួយ។ វាបានធ្វើឱ្យខ្ញុំមានមោទនភាពចំពោះខ្លួនឯងដែលបានរួមចំណែកក្នុងការជួយដល់សង្គម និងផ្តល់ការអប់រំដល់ជនងាយរងគ្រោះទាំងឡាយតាមរយៈការផលិតវីដេអូអប់រំកម្សាន្តនេះ។ ទោះយ៉ាងណា ខ្ញុំមិនដែលហ៊ានហៅខ្លួនឯងថាជាអ្នកនិពន្ធឡើយ គឺហៅខ្លួនឯងត្រឹមតែជាអ្នកសរសេររឿងតែប៉ុណ្ណោះ ព្រោះខ្ញុំគិតថាសមត្ថភាពខ្ញុំមិនទាន់អាចក្លាយជាអ្នកនិពន្ធទេ ហើយកាលណោះ កម្រមានអ្នកស្គាល់ខ្ញុំណាស់ ព្រោះខ្ញុំតែងបដិសេធរាល់ការសម្ភាសនានា ហើយជាពិសេសគឺការសម្ភាសក្នុងកម្មវិធីទូរទស្សន៍។ ខ្ញុំខ្លាចល្បី! (សើច) ។

ខ្ញុំទើបតែហៅខ្លួនឯងថាជាអ្នកនិពន្ធ នៅពេលដែលខ្ញុំសរសេរប្រលោមលោកបោះពុម្ពផ្សាយជាសៀវភៅ​។ ខ្ញុំបានប្រឡូកក្នុងការងារនេះក្រោយពីខ្ញុំលាឈប់ពីមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ទៅគ្រប់គ្រងផ្នែកប្រលោមលោកសប្បាយ របស់ក្រុមហ៊ុនសប្បាយ។ វាក៏មិនមែនមានន័យថាសមត្ថភាពខ្ញុំកើនឡើងអីនោះដែរ តែក៏ព្រោះតែក្នុងវិស័យបោះពុម្ពផ្សាយនេះគេប្រើពាក្យថា «អ្នកនិពន្ធ» ចំពោះម្ចាស់ស្នាដៃនីមួយៗ ដូច្នេះខ្ញុំក៏ស៊ាំនឹងពាក្យ «អ្នកនិពន្ធ» នេះចាប់ពីពេលនោះមក»។

. ធ្លាប់ដឹងថាលោកស្រីនិពន្ធរឿង «ជញ្ជីងគ្មានស្រមោល» ជារឿងអប់រំផ្នែកច្បាប់ ឃើញថាវាជារឿងវីដេអូ មិនមែនជារឿងប្រលោមលោកទេ។ តើលោកស្រីអាចលម្អិតបានទេពីភាពខុសគ្នារវាងអត្ថបទវីដេអូ និងអត្ថបទរឿងប្រលោមលោក?

លោកស្រីបានប្រាប់អោយដឹងថា «រឿងជញ្ជីងគ្មានស្រមោលជារឿងមួយដែលទទួលបានការពេញនិយមខ្លាំងជាងគេក្នុងចំណោមរឿងដែលខ្ញុំបានសរសេរ និងផលិត។ អាចដោយសារវាជាប្រភេទរឿងដែលផ្តោតខ្លាំងទៅលើផ្នែកច្បាប់ ហើយមិនទាន់មានអ្នកណាផលិត ហើយវាមានដល់ទៅ ២៨ភាគ ដែលត្រូវផលិតក្នុងរយៈពេល ៤ឆ្នាំដាច់ពីគ្នា។ មែនទែនទៅរឿងនេះវាមិនមែនជាស្នាដៃនិពន្ធរបស់ខ្ញុំតែម្នាក់ឯងនោះទេ គឺយើងមានក្រុមនិពន្ធដែលមានខ្ញុំជាប្រធានក្រុមនិពន្ធ និងមានលោកគ្រូ ឆេង សុវណ្ណា ជាអ្នកដឹកនាំរឿងដ៏ល្បីប្រចាំមណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាអ្នកជួយផ្តល់យោបល់លើសាច់រឿង។

លោកស្រីបានបញ្ជាក់អោយដឹងទៀតថា «សួរថាតើអត្ថបទវីដេអូ និងអត្ថបទប្រលោមលោកខុសគ្នាបែបណា? លក្ខណៈខុសគ្នានោះគឺអត្ថបទវីដេអូ យើងត្រូវសរសេរផ្តោតលើសកម្មភាព សរសេរត្រង់ៗ ខ្លីៗ គ្រាន់តែជាតម្រុយសម្រាប់ក្រុមការងារយកទៅរៀបចំផលិត និងសម្រាប់តួអង្គរយកទៅសម្តែងចេញតែប៉ុណ្ណោះ។ អត្ថបទរឿងដែលបានសរសេរត្រូវបំលែងចេញមកវិញតាម​   រយៈរូបភាពដែលបានថតដោយមានតួអង្គជាអ្នកសម្តែង។ ខុសប្លែកពីអត្ថបទប្រលោមលោក អ្នកនិពន្ធត្រូវសរសេរផ្តោតខ្លាំងលើការពណ៌នា ហើយអ្នកអានគឺជាអ្នកស្រមៃរូបភាពដែលបានកើតឡើងក្នុងរឿងដោយខ្លួនឯង។ រីឯពាក្យពេចន៍ទៀតសោត គឺត្រូវពីរោះណែងណង លន្លង់លន្លោច និងរៀបរាប់ល្អិតល្អន់ ដើម្បីឱ្យអ្នកអានងាយនឹងចូលតួតាមតួអក្សរនីមួយៗ។ និយាយឱ្យខ្លី រឿងប្រលោម​លោកប្រើតួអក្សរដើម្បីប្រលោមចិត្តអ្នកអាន ចំណែករឿងវីដេអូអន្ទងចិត្តអ្នកទស្សនាតាមរយៈការសម្តែងរបស់តួអង្គ និងការរៀបចំដំឡើងឈុតឆាកនីមួយៗរបស់អ្នកដឹកនាំរឿង»

. តើអ្វីជាគោលការណ៍របស់លោកស្រីនៅក្នុងការតែងនិពន្ធ?

អាចនិយាយបានថា ខ្ញុំជាអ្នកនិពន្ធបែបប្រាកដនិយម ដូច្នេះរឿងរបស់ខ្ញុំទាំងអស់សុទ្ធតែជារឿងបែបជីវិត និងឆ្លុះបញ្ចាំងពីសង្គម មិនថាសង្គមគ្រួសារ ឬសង្គមជាតិឡើយ។ គ្រប់រឿងរបស់ខ្ញុំតែងមានបង្កប់នូវសារអប់រំផ្សេងៗដើម្បីផ្តល់កម្លាំងចិត្តដល់អ្នកអាន អ្នកទស្សនាក្នុងការបន្តដំណើរទៅមុខ ក្នុងការដោះស្រាយបញ្ហាដែលខ្លួនជួបប្រទះក្នុងជីវិត បណ្តុះមនុស្សឱ្យចេះយោគយល់អធ្យាស្រ័យគ្នា លើកលែងទោសឱ្យគ្នា និងចេះជួយយកអាសាគ្នា ចេះស្គាល់គុណទោស ។ល។

. អ្វីទៅជាក្តីរំពឹងរបស់លោកស្រីសម្រាប់វិស័យនិពន្ធនៅក្នុងប្រទេសខ្មែរ?

ខ្ញុំរំពឹងថា វិស័យតែងនិពន្ធនៅស្រុកខ្មែរនឹងរីកចម្រើនខ្លាំងដូចបណ្តាប្រទេសនានា ហើយស្នាដៃ​របស់អ្នកនិពន្ធខ្មែរនឹងត្រូវបានទទួលស្គាល់ដោយប្រទេសដទៃតាមរយៈការបកប្រែជាភាសាផ្សេងៗ។ តាមរយៈស្នាដៃទាំងនោះ វានឹងបង្ហាញដល់ប្រទេសផ្សេងៗថា កម្ពុជាក៏មានអ្នកនិពន្ធដែលពោរពេញដោយសមត្ថភាព ហើយប្រទេសទាំងនោះនឹងបានស្គាល់ប្រទេសកម្ពុជា ស្គាល់ពីវប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជាកាន់តែច្បាស់។

. តើលោកស្រីមានសំណូមពរអ្វីទៅកាន់អ្នកនិពន្ធចាស់ ថ្មី និងប្រិយមិត្ត?

ខ្ញុំសំណូមពរឱ្យអ្នកនិពន្ធរបស់យើងទាំងអស់ ផ្តោតជាសំខាន់ទៅលើគុណភាពនៃស្នាដៃជាជាងផ្តោតទៅលើតែបរិមាណនៃស្នាដៃ។ ដើម្បីឱ្យស្នាដៃរបស់ខ្លួនមានគុណភាព សូមកុំសរសេរដោយ​ខ្វះការស្រាវជ្រាវ សូមកុំសរសេរតាមការស្មាន និងសូមនិពន្ធអ្វីដែលមានប្រយោជន៍សម្រាប់មិត្តអ្នកអាន ជាជាងនិពន្ធរឿងដើម្បីតែពង្វក់អារម្មណ៍មិត្តអ្នកអាន។ សូមស្វែងរកអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យឃើញ កុំធ្វើជាអ្នកនិពន្ធដែលរេតាមខ្យល់ សរសេររឿងដើម្បីតម្រូវតែទីផ្សារដោយខ្វះមនសិការ​ និងវិជ្ជាជីវៈ។

ក្នុងនាមជាអ្នកនិពន្ធម្នាក់ ខ្ញុំពិតជាឈឺចាប់នៅពេលបានឮ និងបានឃើញមិត្តអ្នកអាននិយាយ ហើយជាពិសេសគឺការសរសេរបង្ហោះតាមបណ្តាញសង្គមថា «រឿងប្រលោមលោកសុទ្ធតែជារឿងដែលបង្រៀនក្មេងៗ ឱ្យចេះតែរឿងស្នេហា!»​ ។ បច្ចុប្បន្ននេះមានស្នាដៃល្អៗច្រើន ដូច្នេះខ្ញុំក៏សំណូមពរដល់មិត្តអ្នកអានដូចគ្នាថា «សូមមានការឆ្លាតវៃក្នុងការជ្រើសរើសស្នាដៃនិពន្ធដើម្បីអាន ចៀសវាងជ្រើសអានសៀវភៅខុស ដែលនាំឱ្យមានការវាយតម្លៃជាសរុបខុស»

ស្នាដៃវីដេអូល្បីៗ ដែលបាននិពន្ធ និងដឹកនាំការផលិត៖
 បង្គងវល្លិ៍មាស (សហនិពន្ធ)
 ជញ្ជីងគ្មានស្រមោល (សហនិពន្ធ)
 ជនរងគ្រោះ
 ដើមក្រសាំង
 ម្ចាស់កាំបិតត្នោត
ស្នាដៃដែលបានបោះពុម្ពជាសៀវភៅ៖
 តាមប្រមាញ់ឧក្រិដ្ឋជន I&II
 សំណាញ់ជីវិត (ត្រៀមចេញផ្សាយក្នុងដើមខែធ្នូ ឆ្នាំ2019)
 រួមស្នាដៃរឿងខ្លីក្នុងក្រុមអ្នកនិពន្ធមន្តទឹកខ្មៅឆ្នាំទី១ (មន្តទឹកខ្មៅ) ឆ្នាំទី២ (ព្រៃរំដួល) និងឆ្នាំទី៣ (ខ្មាសខ្លួនឯង)៕

រូបថតដោយ៖ សាគូរ៉ា និង​សហការី