លោកជំទាវ វេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគាដេ ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាចូល​ក្រាប​ថ្វាយបង្គំ​គាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ភ្នំពេញ៖ ថ្ងៃ​ទី​22 ខែ​កុម្ភៈ​ ឆ្នាំ​2021 សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វ​ព្រះ​រាជហឫទ័យ​ប្រោស​ព្រះរាជទានអនុញ្ញាតឱ្យ​លោកជំទាវ វេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគាដេ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថ​ភាព​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ក្រាប​ថ្វាយបង្គំ​គាល់​ និង​សម្តែង​ការ​គួរសម​នា​ព្រះ​បរមរាជវាំង​។

ខណៈសព្វ​ព្រះ​រាជហឫទ័យ​ប្រោស​ប្រទានទទួលស្វាគមន៍ ព្រះវររាជមាតាបានអបអរសាទរនូវការតែងតាំង ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ​បានរំលឹកពីទំនាក់ទំនងយ៉ាងជិតស្និតរវាងអតីតព្រះមហាក្សត្រ និងអតីតឯកឧត្តមនាយករដ្ឋមន្រ្តី ចាវ៉ាហាឡាល នេរុ នាយករដ្ឋមន្រ្តីទីមួយឥណ្ឌា។ ​សម្តេចព្រះមហាក្សត្រី បានរំលឹកអនុស្សាវរីយ៍នូវដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌានៅក្នុងទសវត្សរ៍ទី60 ជាពិសេសទៅកាន់ទីក្រុង មុ៉ម បៃ និងទីក្រុងឈៀងណៃ។

សម្តេចព្រះមហាក្សត្រីយានីបានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ រវាងប្រទេសទាំងពីរ នាពេលបច្ចុប្បន្ននេះ និងបានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌាដែលបានគាំទ្រលើគ្រប់វិស័យនៃការចូលរួមទ្វេភាគី ជាពិសេសក្នុងការជួសជុលប្រាសាទបុរាណរបស់ប្រទេសកម្ពុជា។

លោកជំទាវ វេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគាដេ បានថ្លែងអំណរគុណដល់ព្រះមហាក្សត្រីព្រះវររាជមាតា នរោត្តម មុនីនាថ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានប្រោសព្រះរាជទានពរជ័យរបស់លោកជំទាវសម្រាប់បេសកកម្មការទូតនៅប្រទេស កម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូតបានជំរាបថ្វាយដល់ព្រះមហាក្សត្រីអំពីការងារដែលស្ថានទូត កំពុងបំពេញការងារលើវិស័យផ្សេងៗ និងបានថ្លែងថាក្នុងអំឡុងពេលដែលលោកជំទាវត្រូវបានបំពេញការងារនៅកម្ពុជា លោកជំទាវនឹងខិតខំនាំយកនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំដែលមានរួចហើយ រវាងប្រទេសទាំងពីរឱ្យឈានដល់ចំណុចដែលគត់សម្គាល់ថ្មីមួយទៀត។

ព្រះមហាក្សត្រីព្រះវររាជមាតាបានរាជទានអំណោយដល់ឯកអគ្គរដ្ឋទូតនូវសៀវភៅតន្ត្រី និងខ្សែភាពយន្តជាច្រើនរួមទាំងជីវប្រវត្តិផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រីផងដែរ។ លោកជំទាវ វេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគាដេ បានថ្វាយនូវរូបគំនូរឥណ្ឌាដែលបានមកពីរដ្ឋអូរីសា ដល់ព្រះមហាក្សត្រីយ ហើយលោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្វាយនូវការយាងអញ្ជើញដល់ព្រះមហាក្សត្រីដើម្បីធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ប្រសិនបើព្រះរាជសុខភាពរបស់ព្រះមហាក្សត្រីល្អប្រសើរក្នុងការយាងទស្សនកិច្ច៕

ប្រភពដោយ៖ ស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា