ខុសប្លែកពីលើកមុនៗ លើកនេះលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានដាក់សម្ពោធសៀវភៅបែបកម្រងកំណាព្យវិញម្តង

ភ្នំពេញ៖ នៅ​ថ្ងៃច័ន្ទ ទី25 ខែមករា ឆ្នាំ2021 ព្រឹកមិញនេះ​ លោកឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បានធ្វើការដាក់សម្ពោធស្នាដៃ​និពន្ធ​ថ្មី​​មួយ​ដែលមានឈ្មោះថា «កម្រង​កំណាព្យ​ពី​ដួងចិត្ត»  នៅឯបណ្ណាគារម៉ូ​នូ​មែន​ប៊ុ​ក​ រួមជាមួយវត្តមានភ្ញៀវកិត្តិយស បណ្តាដៃគូអាជីវកម្ម ជាពិសេសវត្តមានបងប្អូនអ្នកសារព័ត៌មាន ដែលបានអញ្ជើញមកពីស្ថាប័នសារព័ត៌មានជាច្រើនផងដែរ។

សៀវភៅ​ «កម្រង​កំណាព្យ​ពី​ដួងចិត្ត»  គឺជាសៀវភៅ​ពោរពេញ​ទៅដោយ​ខ្លឹមសារការអប់រំជាច្រើន ដែលរួមមានដូចជា​បង្រៀនឱ្យមិត្តអ្នកអានមានការតស៊ូ ​ស្វែងរក​ភាពជោគជ័យ​ក្នុង​ជីវិត ទស្សនៈ​ជុំវិញ​បញ្ហា​សីលធម៌ និង​ទង្វើ​ក្នុងនាម​ជាមនុស្សជាតិ បង្ហាញពីគន្លឹះជុំវិញ​ផ្នត់គំនិត​ប្រកប​អាជីវកម្ម ​និងបង្ហាញពីទស្សនៈជុំវិញ​ភាពជា​អ្នកដឹកនាំដែលប្រកបទៅដោយក្តី​មេត្តា និងការអាណិតអាសូរ ជាពិសេសគឺការជំរុញ​ការលើកទឹកចិត្តឱ្យមានភាពក្លាហាន និងចេះ​ព្យាយាម​ពុះពារ ហើយសៀវភៅ​ «កម្រង​កំណាព្យ​ពី​ដួងចិត្ត»  នេះមាន​ខ្លឹមសារ និង​សោភណភាព​នៃ​កំណាព្យ​បែប​ខ្មែរ​សុទ្ធសាធតែម្តង។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រាប់ឱ្យដឹងថា៖ «សៀវភៅ​នេះ ជា​ប្រភេទ​សៀវភៅ​កម្រង​កំណាព្យ ដែល​ផ្ទុក​ទៅដោយ​បណ្តុំ​ទស្សនៈ​យល់ឃើញ​ជុំវិញ​បញ្ហា សីលធម៌ គុណធម៌ គតិ​អាជីវកម្ម គតិ​អប់រំ​ទូទៅ ការតស៊ូ​ក្នុង​ជីវិត និង​ការ​រិះគិត​ជុំវិញ​ភាពជា​អ្នកដឹកនាំ ។ល។ ហើយ​រាល់​គតិ ទស្សនៈ និង​គន្លឹះ​ទាំងអស់នោះ គឺ​សុទ្ធសឹងតែ​ជាអ្វីៗដែល​រូបលោក​ផ្ទាល់​ធ្លាប់បាន​ឆ្លងកាត់​មក​ដោយ​ខ្លួនឯង​ទាំងអស់»។

នៅ​ព្រឹកថ្ងៃដាក់សម្ពោធសៀវភៅជាផ្លូវការ​នេះ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បានឆ្លៀតឱកាសប្រាប់ឱ្យដឹងថា៖ «ថវិកា​ដែល​បានមកពី​ការលក់​សៀវភៅ​នេះ និង​សៀវភៅផ្សេងៗទៀត ដែល​លោក​និពន្ធ​ឡើង​ទាំងអស់ នឹង​បរិច្ចាគ​ជូន​មូលនិធិ ម៉េង​លី ជេ. គួច ដើម្បី​យកទៅជួយ​លើ​ការងារ​ផ្នែក​មនុស្សធម៌ និង​រួមចំណែក ជួយ​លើ​ការងារ​សង្គមជាតិ ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​អភិវឌ្ឍ​វិស័យ​អប់រំ ផ្តោតលើ​អក្សរសាស្ត្រ​ជាតិ»។
លោក​ក៏​ប្រាប់ឱ្យដឹង​បន្ថែមទៀត​ដែរ​ថា លោក​នឹង​ផ្តល់​សៀវភៅ​របស់លោក​ដោយ​ឥតគិតថ្លៃ ដល់​ប្រិយមិត្ត​ដូចជា អ្នក​ខ្វះខាត​ថវិកា អ្នក​ដែល​ចង់​បង្កើត​បណ្ណាល័យ​នៅតាម​សហគមន៍ និង​បណ្ណាល័យ​ចល័ត​ជាដើម

គួរបញ្ជាក់ថាសៀវភៅ​ «កម្រង​កំណាព្យ​ពី​ដួងចិត្ត»  គឺបានធ្វើការបោះពុម្ព​លើក​ទីមួយចំនួន 3,000 ច្បាប់ ដែលមានកម្រាស់ដល់ទៅ 356ទំព័រ និងមានទំហំ 13cm X 19.5cm ដោយលក់ក្នុងតម្លៃ 32.800រៀល ស្មើរនឹង 8.00 ដុល្លា៕

រូបភាពដោយ៖ សហការី