ពិធីបើកមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ2020 នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន សែន សុខ

ភ្នំពេញ៖ ថ្ងៃសុក្រ ទី6 ខែវិច្ឆិកា ឆ្នាំ2020 មូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនបានរៀបចំកមមវិធី «មហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ2020» នៅឯរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន សែន សុខ  ក្រោមអធីបតីភាព ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុន ឯកអគ្គរដ្ឋទូត ប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីវប្បធម៌ និងវិចិត្រសិល្បៈ  ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនចូលរួម។

នាល្ងាចពិធីបើក ភ្ញៀវកិត្តិយស បានរីករាយទស្សនានឹងការចាក់បញ្ចាំងខ្សែភាពយន្តរឿង Talking the Pictures ព្រមជាមួយការផ្ទុះសំណើចទៅនឹងសាច់រឿង។ មហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ2020 បានបន្តប្រារព្ធចាប់ពីថ្ងៃទី6 ដល់ទី9 និងទី14 និងទី15 ខែវិច្ឆិកា ក្នុងរោងភាពយន្តនៅសួនអេដែន និងផ្សារទំនើបអ៊ីអន សែន សុខ។

គួរបញ្ជាក់ថានៅក្នុងកំឡុងពេលមហោស្រព មានភាពយន្តជាច្រើនប្រភេទ ត្រូវបានសម្រិតសម្រាំងសម្រាប់ការចាក់បញ្ចាំងនៅរោងភាពយន្តល្បីៗ ដូចដែលបានជម្រាបជូនខាងលើ។ ភាពយន្តទាំងនោះរួមមាន ភាពយន្តបែបមនោសញ្ចេតនា ស៊ើបអង្កេត គំនូរជីវចល វាយប្រាហារ និងកំប្លែងជាដើម។ ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងទាំងនេះ ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន ហើយមហោស្រពនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនាអាចស្គាល់ពីប្រទេស និងប្រជាជនជប៉ុន។

រូបភាពដោយ៖ សាគូរ៉ា អេងលី