អ្វីទៅជាផ្លេតហ្វម «​ដេកគិត_Dekkit​​»​?

162

ភ្នំពេញ៖ បញ្ហាបរិស្ថានដែលរួមមានដូចជា សំរាម ការបំពុលដោយឧស្ម័នផ្សែងៗ ការបង្ហូរទឹកកង្វក់ចូលសមុទ្រ ទន្លេ ព្រែក បានក្លាយទៅជាប្រធានបទក្តៅកគុកក្នុងការជជែកវែកញែកគ្នាយកខុស យកត្រូវ ក៏ប៉ុន្តែមនុស្សភាគច្រើន ប្រហែលជាភ្លេចគិតពីទង្វើលដែលពួកគេបានប្រព្រឹត្តរាល់ថ្ងៃនេះ។

ដោយមើលឃើញពីបញ្ហាដែលបានកើតឡើងជាបន្តបន្ទាប់ ទើបមានសកម្មជន ក៏ដូចជាយុវជនស្រលាញ់បរិស្ថានជាច្រើនបានព្យាយាមបណ្តុះគំនិត និងខិតខំរិះរកមធ្យោបាយជាច្រើនដើម្បីអប់រំ ឱ្យប្រជាពលរដ្ឋរស់នៅដោយគិតពីបរិស្ថាន និងគិតពីភពផែនដីទាំងមូល។ នៅក្នុងនោះផងដែលក៏មាន​យុវជនស្រលាញ់បរិស្ថាន​មួយក្រុមបានបង្កើត ផ្លេតហ្វម មួយឈ្មោះថា «​ដេកគិត_Dekkit​»​ ដែលមាន​គោលបំណង​ជម្រុញឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចេះគិត​ និងពិចារណា​ឡើងវិញ​នៃ​សកម្មភាព​តូចៗ រាល់ថ្ងៃ។

- Advertisement -

លោក ប្រាជ្ញ សឹង្ហ​ជាលី ហៅ William អ្នកគ្រប់គ្រងការផលិតមាតិការ​​ «​ដេកគិត_Dekkit​»  បានរៀបរាប់ប្រាប់ឱ្យដឹងថា ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ការរស់នៅរបស់យើងដែលកាន់តែមមារញឹក ហើយបញ្ហាក៏កាន់តែកើនឡើង មិនថាបញ្ហាសង្គម ឬបញ្ហាបរិស្ថាន។ ជាមួយគ្នានេះដែរ «​ដេកគិត_Dekkit​» បានសង្កេតឃើញថាប្រជាជនកម្ពុជាភាគច្រើន មិនទាន់បានយល់ដឹងស៊ីជម្រៅអំពីបញ្ហាបរិស្ថាននៅឡើយទេ ដោយពួកយើងមិនបានដឹងថា ទម្លាប់នៃការរស់របស់យើងមួយចំនួនបានធ្វើឱ្យប៉ះពាល់ទៅដល់សុខុមាលភាពរបស់ភពផែនដីដែលជាផ្ទះតែមួយរបស់យើង។

គោលបំណងចម្បងដែលរូបលោក ក៏ដូចជាក្រុមបានបង្កើត ផ្លេតហ្វម «​ដេកគិត_Dekkit​»  គឺមានបំណងជម្រុញឱ្យប្រជាជនកម្ពុជាមានការគិតពិចារណាឡើងវិញ ទៅលើសកម្មភាពដែលបុគ្គលម្នាក់ៗ បានធ្វើ និងជះឥទ្ធិពលទៅលើសុខុមាលភាពរបស់ភពផែនដី ទោះតិចក្តី ច្រើនក្តី ពីព្រោះថា យើងទាំងអស់គ្នា គឺជាចំណែកមួយនៃភពផែនដី ដូច្នេះហើយ ពួកយើងក៏ត្រូវទទួលខុសត្រូវទៅលើទង្វើរបស់យើងផងដែរ។ ជាមួយនឹងគោលបំណងនេះ វានឹងអនុញ្ញាតឱ្យអ្នកទាំងអស់គ្នា មើលឃើញនូវរូបភាពថ្មីមួយអំពីរបៀបនៃការរស់នៅប្រកបដោយនិរន្តភាពនាយុគសម័យទំនើបនេះ។

លោក ប្រាជ្ញ សឹង្ហ​ជាលី បាននិយាយថា៖ «ដើម្បីឆ្លើយតបជាមួយនឹងគោលបំណងមួយនេះ ដេកគិត_Dekkit​​ នឹងធ្វើការផលិតនូវមាតិការឌីជីថលថ្មីៗ តាមរយៈវីដេអូស៊េរី អត្ថបទខ្លី និងរូបភាពក្រាហ្វិចអប់រំ ដែលនិយាយអំពីបញ្ហាបរិស្ថានដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ ហើយត្រូវបានគេមើលរំលង។ ​ដេកគិត_Dekkit​​​ ក៏នឹងបង្ហាញអំពីដំណោះស្រាយដែលមានលក្ខណៈសកល និងសមស្របទៅនឹងបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីឱ្យអ្នកអានមានឱកាសក្នុងការគិត និងឆ្លុះបញ្ចាំងឡើងវិញអំពីទម្លាប់នៃការរស់នៅរបស់ខ្លួន»។

គួរបញ្ជាក់ថាប្រទេសកម្ពុជាកំពុងតែប្រឈមខ្លាំងជាងគេ គឺបញ្ហាសំរាមតែម្តង ដោយមានរបាយការណ៍​សិក្សា​មួយពីមូលនិធិ​អាល្លឺម៉ង់​ Konrad-Adenauer-Stiftung (KAS) ប្រទេសកម្ពុជាទាំងមូល បង្កើតកាក​សំ​ណល់​​សំរាមជាង ១​ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃ ឬ​ជាង 3​លាន 6​សែន​តោននៅក្នុងមួយឆ្នាំ ដែលភាគច្រើនសំរាមត្រូវ​បាន​បញ្ចេញ​ចោល​ពី​លំនៅឋាន និង​រោងចក្រ​ សហគ្រាស​នានា​ នៅទូទាំង​ប្រទេសកម្ពុជា​។

សូមតាមដានរាល់វីដេអូស៊េរី អត្ថបទខ្លី និងរូបភាពក្រាហ្វិចអប់រំពី ហ្វេសបុកផេក «​ដេកគិត_Dekkit​» https://www.facebook.com/dekkitmedia/

រូបភាពដោយ៖ សហការី