«ចង្កឹះមាស នំបញ្ចុកស្រុះ» តាមចិញ្ជឹមផ្លូវក្រោយសាលាវ៉ាន់ដា លក់បាន400 ចានក្នុងមួយថ្ងៃ

ភ្នំពេញ៖ នៅលើចិញ្ជើមផ្លូវដែលប្រមូលផ្តុំទៅដោយមនុស្សម្នាជាច្រើនធ្វើដំណើរទៅមកជាពិសេសគឺមានសាលារៀនវ៉ាន់ដា សាលារៀន AIS និងAII   ហាងកាហ្វេទំនើបៗជាច្រើន។ ភាគច្រើនជាទីកន្លែងណាត់គ្នារវាងសិស្សសាលា បុគ្គលិក និងមិត្តភក្តិ ដើម្បីញ៉ាំអីជុំគ្នានាពេលល្ងាច។

«ចង្កឹះមាស នំបញ្ចុកស្រុះ» ជាកូនតូបតូចល្មមដែលមានទទឹងប្រហែលជា 3ម៉ែត្រកន្លះ និងបណ្ដោយប្រហែលជា 7ម៉ែត្រ ដោយអាចរៀបចំបានតុពីរ និងកៅអ៊ីជ័រប្រមាណ16 សម្រាប់ទទួលភ្ញៀវបានប្រហែលជាង 20 ទៅ 25នាក់។ មានមនុស្សចេញចូលមិនចេះដាច់ចាប់ពីពេលបើកលក់នៅក្នុងម៉ោង 7ព្រឹក រហូតដល់ម៉ោង 5 ទៅ 6ល្ងាច កូនតូបនំបញ្ចុកស្រុះមួយនេះអាចលក់បានដល់ទៅ 400ចានក្នុងមួយថ្ងៃ។

អ្នកស្រី ម៉ាន់ ប៊ុន ធឿន អាយុ 55ឆ្នាំជាម្ចាស់ហាង នំបញ្ចុកស្រុះ ចង្កឹះមាស បានររៀបរាប់ប្រាប់ឱ្យដឹងថាអ្នកស្រីបានចំណាយពេលប្រហែលជាង20ឆ្នាំ ក្នុងការប្រកបមុខរបរលក់ គុយទាវ មីឆា បាយឆា នៅក្នុងផ្សារដើមគរក៏ប៉ុន្តែមុខរបរមួយនេះ វាហាក់ដូចជាមិនសូវសមប្រកបទាល់តែសោះ ជាពិសេសគឺ អ្នកស្រីនិងស្វាមីមានការហត់នឿយជាមួយនឹងមុខរបរនេះជាខ្លាំង ដោយត្រូវក្រោកពីយប់ជារៀងរាល់ថ្ងៃ។

ជួនពេលអ្នកស្រីបានមើលឃើញពីឱកាសមុខរបរថ្មីពីអ្នកលក់នំបញ្ចុកស្រុះនៅជាប់តូបអ្នកស្រី ជាការពិតណាស់អ្នកស្រីមានបំណងចង់ផ្លាស់ប្តូរមុខរបរពីលក់បាយទៅលក់នំបញ្ចុះស្រុះដូចគេដែរ ដោយសារមុខរបរមួយនេះពិតជាទទួលបានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវគ្រប់ប្រភេទ និងមិនសូវហត់នឿយ។  តែវាមិនអាចទៅរួចភ្លាមៗនោះទេ គឺដោយសារតែអ្នកស្រីមិនទាន់ចេះចម្អិននំបញ្ចុកស្រុះនៅឡើយ ដូច្នេះតម្រូវឱ្យអ្នកស្រីត្រូវអត់ធ្មត់​ និងរៀនពីអ្នកលក់ជាប់តូប។

លើសពីនេះទៅទៀតក្នុងនាមជាអាជីវករដែលមានគុណធម៌ម្នាក់ ទោះជាអ្នកស្រីចេះពីការចម្អិននំបញ្ចុកស្រុះក៏ដោយ ក៏អ្នកស្រីមិនអាចប្តូរទៅប្រកបមុខរបរដែលត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយនឹងអ្នកជិតខាងនោះទេ។ នៅក្នុងឆ្នាំ2016 អ្នកស្រីបានព្យាយាមរកទីតាំងថ្មី ដើម្បីប្រកបមុខរបរដែលជាក្ដីស្រម៉ៃ ហើយការខំប្រឹងប្រែងបានធ្វើឱ្យអ្នកស្រីរកបានទីតាំងនៅក្រោយសាលាវ៉ាន់ដា និងបានដាក់ឈ្មោះកូនហាងដ៏តូចរបស់អ្នកស្រីថា «ចង្កឹះមាស នំបញ្ចុកស្រុះ» មកដល់សព្វថ្ងៃនេះមានអាយុបាន 5ឆ្នាំហើយ។

អ្នកស្រី ម៉ាន់ ប៊ុន ធឿន បានិយាយថា៖ «ពីមុនលក់នៅក្នុងផ្សារខ្ញុំលក់គុយទាវ លក់មីឆា លក់បាយឆាអ៊ីចឹងណា! ដល់ពេលដែលអ្នកលក់នំបញ្ចុកស្រុះនៅក្នុងផ្សារដើមគរ លក់ជាប់ខ្ញុំ ដល់ពេលនោះខ្ញុំមានគំនិតថាចង់លក់មុខរបរហ្នឹង ក៏វាមិនសូវហត់នឿយ ព្រោះវាតែមួយមុខ ហើយគេចូលចិត្តញុំាច្រើន គេចូលចិត្តណាស់ គេលក់ដាច់ណាស់ អ៊ីចឹងហើយ ខ្ញុំមិនអាចលក់ប្រជែងជាមួយគេបានទេ។តែគ្រាន់តែខ្ញុំមានគំនិតមួយ បើសិនជាខ្ញុំ មានឱកាសរកកន្លែងបាន ខ្ញុំនឹងឈប់លក់គុយទាវ ខ្ញុំមកចាប់លក់អាហ្នឹងម្ម៉ង អ៊ីចឹងហើយ ខ្ញុំខំព្យាយាមមើលគេ ខ្ញុំមើលហើយខ្ញុំចាំទុកក្នុងខួរក្បាល់ និងអារម្មណ៍ខ្លួនខ្ញុំ។ ខ្ញុំអត់ដែលទៅសួរថា អាហ្នឹងគេធ្វើម៉េច អាហ្នឹងគេដាក់អីខ្លះ ខ្ញុំអត់ដែលសួរគេទេ។ ខ្ញុំព្យាយាមសម្លឹងមួយថ្ងៃខ្ញុំកត់ទុកមួយមុខ មួយថ្ងៃខ្ញុំកត់ទុកមួយមុខ ខ្ញុំយកបានទាំងអស់អ្វីដែលខ្ញុំឃើញ ហើយខ្ញុំបានកន្លែងខ្ញុំចាប់ផ្តើមមកលក់នៅនេះ ខ្ញុំឈប់លក់នៅនោះ លក់តាអាហ្នឹងមួយមុខបណ្ដោយ»។

អ្នកស្រី ម៉ាន់ ប៊ុន ធឿន និយាយទាំងទឹកមុខញញឹមដោយការពេញចិត្តជាមួយមុខរបរដែលទទួលបានជោគជ័យថា ក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានពី 300ចាន និងអាចឈានដល់ទៅ 400ចាន ដែលនំញ្ចុកស្រុះមានតម្លៃទាបបំផុតគឺ 7000រៀល ក្នុងមួយចាន។ អ្នកស្រីបានបន្តទៀតថា គាត់ពិតជាចង់ពង្រីកទីកន្លែងសម្រាប់ទទួលភ្ញៀវឱ្យបានច្រើនជាងនេះ ប្រសិនបើអាចរកទីកន្លែងដែលនៅម្ដុំៗនេះបាន ពីព្រោះដោយសារតែពេលដែលដល់ម៉ោងអាហារថ្ងៃត្រង់ម្ដងៗ គឺមានភ្ញៀវជាច្រើនដែលមកឈររង់ចាំញុំា មានភ្ញៀវខ្លះអង្គុយរង់ចាំនៅលើម៉ូតូ និងមានភ្ញៀវខ្លះខ្ចប់ផងដែរ។ អ្នកស្រីបានប៉ាន់ស្មានថា ប្រសិនបើមានទីកន្លែងធំជាងនេះអ្នកស្រីអាចលក់លើសពី 400ចានក្នុងមួយថ្ងៃ។

អ្នកស្រី ម៉ាន់ ប៊ុន ធឿន បានិយាយថា៖ «ក្នុងមួយថ្ងៃអាចលក់បានចាប់ពីប្រហែលជា 300ចានជាង ចូលដល់ 400ចាន ពីព្រោះអីកន្លែងយើងតូចណាស់ អុីស្តាយបំផុតព្រោះថា កន្លែងអុីតូចហើយពេលដែលភ្ញៀវបុកមក គាត់អង្គុយពេញ ហើយឈរព្រាត។ ណុងម៉ោង ១១កន្លះ ម៉ោង១២ពេញម្ម៉ង អង្គុយលើម៉ូតូពេញអង្គុយចាំកន្លែងញុំា ចង់ពង្រីកដែលតែពង្រីកអត់ចេញ»។

លោក ស៊ន ប៊ុនហុង គឺជាភ្ញៀវដែលតែងតែចូលចិត្តមកញុំានំបញ្ចុកស្រុះនៅទីនេះមួយរូប ក្នុងចំណោមភ្ញៀវជាច្រើនទៀតបានរៀបរាប់ប្រាប់ឱ្យដឹងថាលោកបានស្គាល់ទីនេះ ដោយសារតែពីមុនលោករៀននៅសាលាវ៉ាន់ដា ហើយមកដល់សព្វថ្ងៃនេះ គឺលោកនៅតែបន្តមកញុំានៅទីនេះបានប្រហែលជាង 4ឆ្នាំមកហើយ។ អ្វីដែលធ្វើឱ្យលោកមិនអាចផ្លាស់ប្តូរចិត្តពីទីនេះបាន គឺដោយសារតែរស់ជាតិទឹកស៊ុបឆ្ងាញ់ និងមានចំណុះច្រើនក្នុងមួយចាន ពេលខ្លះគឺលោកញុំាស្ទើរតែមិនចង់អស់ពី ចានក៏មានដែរ។ លោកបានបន្ថែមទៀតថា នៅទីនេះមានសេវាកម្មលឿនរហ័សទាន់ចិត្ត អ្នកលក់រួសរាយរាក់ទាក់ តម្លៃសមរម្យជាពិសេសទៅទៀត គឺនៅទីនេះលោកអាចកុម្ម៉ងសាច់ ឬក៏បន្លែថែមបានតាមចំណង់ចំណូលចិត្ត។

លោក ស៊ន ប៊ុនហុង បាននិយាយថា៖ «ដែលចូលចិត្តមកញុំានំបញ្ចុកស្រុះនៅទីនេះ ដោយសាររសជាតិ ហើយញុំាប្រមាណជាង 4ឆ្នាំមកហើយ។ ជាធម្មតាញុំាអស់មួយចាន តែថែមសាច់ ថែមបន្លែ រហូត បើញុំាម្នាក់ឯងអស់មួយម៉ឺន មួយម៉ឺនតិចតួចទាំងទឹក ទាំងអីហ្នឹង។ តម្លៃទទួលយកបាន ហើយឆ្ងាញ់! ជួនណាពីរ បីថ្ងៃម្ដង ជួនណាមួយអាទិត្យម្ដង ជួនណាកន្លះខែម្ដង។ អ្វីដែលទាក់ទាញ គឺទឹកដៃ ទឹកដៃសម្លរ រសជាតិឆ្ងាញ់ មានគ្រឿងច្រើន ពាក់ព័ន្ធជាមួយនឹងសាច់ យើងអាចកុម៉្មងបានសាច់ខ្លះយើងអត់សូវចំណូលអ៊ីចឹង យើងកុម៉្មងអាសាច់ណាដែលយើងចំណូលទៅ។ អ្នកលក់លឿនសេវាលឿន សំខាន់សេវាលឿន ច្រើនដែលហ្នឹង! ហូបអត់សូវចង់អស់ដែរហ្នឹង ច្រើនម្ដងៗដែរហ្នឹង ច្រើនតា! ហើយអនាម័យវិញល្អទទួលយកបាន»។

អ្នកនាង វង់ សក្ខិណា ក៏ជាភ្ញៀវម្នាក់ដែលបានចំណាយពេលញុំានំបញ្ចុកស្រុះ ចង្កឹះមាស ប្រមាណជាង3ឆ្នាំមកហើយបានរៀបរាប់ប្រាប់ឱ្យដឹងថាអ្នកនាងបានស្គាល់ទីនេះ តាមរយៈមិត្តភត្តិដែលមានមុខរបរលក់សម្លៀកបំពាក់តាមអនឡាននៅម្ដុំវ៉ាន់ដានេះ ដោយសារដឹងថាអ្នកនាងចូលចិត្តញុំានំបញ្ចុកស្រុះ ទើបមិត្តភ័ត្តបាននាំមកញុំាហើយចាប់តាំងពីពេលនោះមក អ្នកនាងក៏ចាប់ចិត្តនឹងរសជាតិ និងចេះតែបន្តមកញុំានៅទីនេះរហូតមកដល់បច្ចុប្បន្ននេះ។ អ្នកនាងបានប្រាប់ឱ្យដឹងពីមូលហេតុ ដែលអ្នកនាងចូលចិត្តមកញុំានំបញ្ចុកស្រុះនៅទីនេះ គឺដោយសារអ្នកនាងពេញចិត្តនឹងរសជាតិ ហើយជាពិសេសអ្នកនាងចូលចិត្តថែមបន្លែ សាច់ ដែលរួមមានដូចជា ផ្សិត ឈាមជ្រូក ជើងមាន់និងមានបន្លែ សាច់ ផ្សែងៗ ទៀត ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនាងផងដែរ។ ជាធម្មតាអ្នកនាងមកញុំាមួយអាទិត្យប្រហែលជាពីរដង ហើយពេលខ្លះមួយអាទិត្យម្ដងដោយមិនភ្លេចនាំមិត្តភ័ត្តមកជាមួយផងដែរ។

អ្នកនាង វង់ សក្ខិណា បានលើកឡើងថា៖ «ខ្ញុំញុំាប្រហែលជា 3ឆ្នាំជាង ស្គាល់ដោយសារ កាលណុងឧស្សាហ៍មកលេងមិត្តភត្តិ គេលក់ខោអាវអនឡាននៅហ្នឹង ហើយដល់ពេលគេនាំមកញុំាអ៊ីចឹង! ដល់ពេលហើយគេនាំមកនៅហ្នឹង ព្រោះអីគេដឹងថាខ្ញុំចូលចិត្តនំបញ្ចុកស្រុះ ដល់ពេលទៅគេនំាមកញុំាហ្នឹងទៅ ហើយក៏បានស្គាល់ហ្នឹង ក៏បានមកហ្នឹងរហូតទៅ។ និយាយទៅខ្ញុំចូលចិត្តរស់ជាតិនៅហ្នឹង ហើយមួយទៀតខ្ញុំចូលចិត្តថែម ដោយសារវាមានបន្លែនៅហ្នឹង មានផ្សិត មានឈាម មានជើងមាន់ មានអ៊ីចឹងណា! ខ្ញុំចូលចិត្តញុំាសាច់។ មកញុំានៅហ្នឹងអាចពីរដងក្នុងមួយអាទិត្យ ជួនកាលមួយដង អត់ទៀងទេ ដល់ពេលខ្លះរវល់ខ្លាំងទៅក៏អត់បានមកដែរ កន្លះខែម្តង មួយខែម្តង អត់ទៀង និយាយទៅអត់ទៀង។ ពេលខ្លះខ្ញុំនាំមិត្តភត្តិមក ហើយពេលខ្លះពួកគាត់មកផ្សេងគ្នាអីទៅ ពេលខ្លះខ្ញុំមកជាមួយមិត្តភត្តិ ពេលខ្លះខ្ញុំនាំដៃគូមកអ៊ីចឹងទៅ»។

លោក ភា សុភី អាយុ 24ឆ្នាំ ជាបុគ្គលិក Call Center នៅក្រុមហ៊ុន HR Asia Job ដែលជាភ្ញៀវទើបតែមកញុំានំបញ្ចុះស្រុះ ចង្កឹះមាស បានប្រហែលជារយៈពេលបីខែមកហើយនោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា លោកបានស្គាល់ទីនេះដោយសារមិត្តភត្តិរបស់លោករៀននៅសាលាវ៉ាន់ដា ហើយរូបលោក ក៏ដូចជាមិត្តភត្តិបានមកញុំានៅទីនេះស្ទើតែរាល់ថ្ងៃតែម្តង ពីព្រោះពួកលោកចូលចិត្តញុំានំបញ្ចុកស្រុះ ហើយជាពិសេស គឺជាប់មាត់ជាមួយរស់ជាតិនំបញ្ចុកស្រុះនៅទីនេះជាខ្លំាង។ លោកបានបន្ថែមថា រូបលោក និងមិត្តភត្តិក៏បានណែនំាមិត្តភត្តិជាច្រើនឱ្យមកញុំានៅទីនេះ ហើយពួកគាត់ទទួលស្គាល់ថាឆ្ងាញ់ និងមានរស់ជាតិជាប់មាត់ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺតម្លៃសមរម្យ ទើបពួកគាត់នៅតែបន្តមកញុំានៅទីនេះ។

លោក ភា សុភី បាននិយាយថា៖ «បានស្គាល់នំបញ្ចុកស្រុះ ចង្កឹះមាស ដោយសារកាលពីមុនខ្ញុំមានមិត្តភត្តិខ្ញុំរៀននៅវ៉ាន់ដាអ៊ីចឹង គាត់ឧស្សាហ៍ញុំា ហើយខ្ញុំក៏មកញុំាហ្នឹងដែល លក្ខណៈថាមើលទៅ គាត់ត្រូវម៉ាត់អ៊ីចឹង! បន្ទាប់មកយើង Recommend  ទៅរៀងៗ ខ្លួន លក្ខណៈមិត្តភត្តិយើងទៅទៀតអ៊ីចឹងហើយបន្ទាប់មក មកតាមៗ គ្នា បន្ទាប់មកត្រូវមាត់រហូតអ៊ីចឹងណា! យូរដែលហើយសឹងតែរាល់ថ្ងៃ ពីរ បីខែហើយ ប៉ុន្តែពីរ បីខែ តែសឹងរាល់ថ្ងៃ ទើបអាឡូវវាមេឃភ្ញៀវ មេឃអ៊ីចឹងទៅ។ និយាយទៅទាក់ទងនៅហ្នឹង គឺវាឆ្ងាញ់អ៊ីចឹង បើកាលមុនខ្ញុំញុំានៅ…វាឆ្ងាយពេក នៅអូឬស្សី ទាក់ទងនំបញ្ចុកស្រុះ តែអាឡូវមាននៅហ្នឹងដែរ អ៊ីចឹងខ្ញុំញុំានៅហ្នឹង គាត់មានសាខាតែមួយ តែគាត់លក់លក្ខណៈថាប្រហែលគ្នាអ៊ីចឹង! និយាយទៅតាមខ្ញុំញុំា ខ្ញុំថែមអានេះ ថែមអានោះរហូត មានដល់ 9000រៀល ថែមរហូតដែលអ៊ីចឹង»។

នៅថ្ងៃអនាគតពេលដែលអ្នកស្រីអាចរកបានទីតាំងដែលល្អប្រសើរជាងនេះ និងបើកជាហាងលក្ខណៈធំជាងនេះ អ្នកស្រីមានបំណងចង់លក់រូបមន្តគ្រឿងផ្សំដែលអ្នកស្រីបានខិតខំបង្កើតវាឡើង ទៅឱ្យអ្នកដែលមានបំណងចង់ប្រកបមុខរបរលក់នំបញ្ចុកស្រុះដូចទៅនឹងអ្នកស្រីផងដែរ។ គួរបញ្ជាក់ថានំបញ្ចុកស្រុះ ចង្កឹះមាស ក៏មានលក់ជាមួយនឹង Food Panda Nham 24 Muuve និងPanda Go។

រូបភាពដោយ៖ សាគូរ៉ា អេងលី