សណ្ឋាគារ Himawari Hotel Apartments រួមជាមួយនឹងអង្គការ Miracles Worldwide និងសប្បុរសជនបានរបរិច្ចាគអង្ករចំនួន 20តោនដល់អង្គការផ្ទះបាយកុមារ

ភ្នំពេញ៖ ថ្ងៃច័ន្ទ ទី7 ខែញ្ញា ឆ្នាំ2020 សណ្ឋាគារ Himawari Hotel Apartments រួមជាមួយអង្គការ Miracles Worldwide និងមូនិធិចេនឡា បានរៀបចំកម្មវិធីសប្បុរសធម៌ «Miracles WW Day» ក្រោមប្រធានបទ «ការផ្តល់ឱ្យ នឹងទទួលបានសុភមង្គលជាជាងការទទួល» ដោយបាននាំយកអំណោយជាអង្ករចំនួន 20តោន ជូនដល់អង្គការផ្ទះបាយកុមារ (Les Restaurants Des Enfants – LRDE) ក្រោមការចូលរួមដោយដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកអង្គម្ចាស់ នរោត្តម ថានុរ៉ា។

ការបរិច្ចាគជាអង្ករសម្រាប់អង្គការផ្ទះបាយកុមារ នៅក្នុងថ្ងៃតែមួយដែលពួកគាត់ធ្វើការអបអរសារទរថ្ងៃ Miracle WWDay ដែលជាកម្មវិធីខួបប្រចាំឆ្នាំរបស់ពួកគាត់។ កម្មវីធីត្រូវបានបង្កើតឡើងដោយអង្គការផ្ទះបាយកុមារ ក៏ជាថ្ងៃអបអរសាទរ និងបង្ហាញពីការដឹងគុណរបស់ពួកគេដល់អង្គការ Miracle Worldwide ក្នុងការបរិច្ចាគនានា ដល់ផ្ទះបាយកុមារកន្លងមក ព្រមទាំងជាការអរគុណដល់ម្ចាស់ជំនួយនានានៅក្នុងប្រទេសសិង្ហបុរី។ ពិសេសជាងនេះទៅទៀតវាក៏ជាការអបអរដើម្បីពង្រឹងនាក់ទំនងរវាង Miracle Worldwide និងផ្ទះបាយកុមារ ដែលបានចំណាយពេលវេលាក្នុងការធ្វើការងារសប្បុរសធម៌ជាមួយគ្នាដែលនាំមកនូវសេចក្តីអំណរ សុភមង្គល ព្រះពរដល់កុមារដែលនៅក្នុងអង្គការផ្ទះបាយកុមារទាំងអស់ផងដែរ។

លោក​ ង៉ូវ​ ឈីវ ស្ថាបនិក និងជាប្រធាន​គ្រប់​គ្រង​ផ្ទះបាយកុមារ មានវ័យ 75ឆ្នាំ បានរៀបរាប់ប្រាប់ឱ្យដឹងថារូបលោកបានចំណាយពេលវេលាធ្វើការជាមួយអង្គការជាច្រើន និងបានជួយកុមារកម្ពុជាតាំងពីពេលដែលលោកមានវ័យប្រហែលជាង 30ឆ្នាំ។ នាពេលបច្ចុប្បន្ននេះមានកុមារជាច្រើនបានក្លាយជាគ្រូពេទ្យ មន្រ្តីរាជការ ធ្វើការនៅស្ថាប័នឯកជននានា និងមួយចំនួនទៀតបានបន្តការសិក្សារៀនសូត្រនៅឯបរទេស ហើយក៏មានអ្នកខ្លះបន្តរស់នៅបរទេសផងដែរ។

លោក​ ង៉ូវ​ ឈីវ បានលើកឡើងថា៖ «ថ្ងៃនេះខ្ញុំពិតជារំភើបណាស់ព្រោះក្នុងឆ្នាំនេះ ជាថ្ងៃអបអរសាទរ Miracle WWDay ការរំពឹងទុកពីការបរិច្ចាគ គឺត្រឹមតែ 6តោន តែផ្ទុយទៅវិញយើងបានទទួលដល់ទៅ 20តោន។ ដែលអាចទំនុកបម្រុងផ្ទះបាយកុមារបានរហូតដល់ទៅកន្លះឆ្នាំ»។

លោកបានបន្តទៀតថា៖ «ក្នុងស្ថានភាព COVID-19 ម្ចាស់ជំនួយពី អ៊ីតាលី និងសម្បុរសជនផ្សេងៗ ទៀតបានកាត់បន្ថយជំនួយ តែសកម្មភាពរបស់ពួកយើងនៅតែបន្តដើម្បីកុមាររបស់កម្ពុជា។ […] សកម្មភាពមួយចំនួនត្រូវបានកាត់បន្ថយដូចជា ការផ្តល់អាហារដល់កុមាររើសអេតចាយអាចមកញាំបាយ Free នៅផ្ទះបាយកុមារនះ បានកាត់បន្ថយពីពីរពេល មកត្រឹមតែមួយពេលប៉ុណ្ណោះ គឺអាហារពេលព្រឹក»។

លោក Andrew Tay នាយក សណ្ឋាគារ Himawari Hotel Apartments បានប្រាប់ឱ្យដឹងនៅក្នុងកម្មវិធីថា រូបលោក ព្រមទាំងភិរិយា ពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានមកដល់អង្គការផ្ទះបាយកុមារ (Les Restaurants Des Enfants – LRDE) ជាលើកទីមួយ។ ដើម្បីបង្ហាញពីការគាំទ្ររបស់លោក រួមជាមួយសណ្ឋាគារ Himawari Hotel Apartments ព្រមទំាងក្រុមគ្រួសារ មិត្តភក្តិ ក្នុងការចូលរួមចំណែកការងារសប្បុរសធម៌ ដោយបានសហការជាមួយនឹងអង្គការ​ Miracle Worldwide ក្នុងការជួយដល់អង្គការផ្ទះបាយកុមាររួម។

លោក Andrew Tay បានលើកឡើងថា៖ «កន្លងមកសណ្ឋាគារ Himawari Hotel Apartments បានធ្វើសម្មភាពសប្បុរសធម៌ក្នុងសង្គមជាច្រើនដើម្បីជួយសហគមន៍ខ្មែរ និងជួយផ្សព្វផ្សាយចំណេះដឹង សេចក្តីស្រឡាញ់និងការលើកទិកចិត្តតាមរយៈព្រះបន្ទូលរបស់ព្រះអង្គម្ចាស់យេស៊ូគ្រីស្ទ តែនេះជាលើកទីមួយរបស់សណ្ឋាគារ Himawari Hotel Apartments ដែលបានបរិច្ចាគ និងជួយរៃអង្គាសអង្ករពីគ្រួសារ និងមិត្តភក្តិ សម្រាប់ឧបត្ថមជាអង្ករក្នុងទ្រង់ទ្រាយធំបែបនេះ»។

លើសពីនេះទៅទៀតលោក Andrew Tay បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អង្គការផ្ទះកុមារនៅតែបន្តការងារសប្បុរសធម៌របស់ពួកគេក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរជីវិតរបស់កុមាររើសសំរាមនៅកម្ពុជា។ ដោយការផ្តល់អាហារដែលមានសារធាតុចិញ្ចឹមដល់រាងកាយ និងគ្រប់គ្រាន់ក្នុងការជួយដល់ការលូតលាស់របស់ពួកគេ។

ក្រៅពីនេះផ្ទះបាយកុមារក៏បានលើកទឹកចិត្តឱ្យកុមារទៅសាលារៀនដូចកុមារដ៏ទៃទៀត ដោយបានផ្តល់ប្រាក់កាសឱ្យពួកគេទៅរៀនក្នុងមួយថ្ងៃ 1000រៀល និងតែងតែតាមដានពីការសិក្សា និងលិទ្ធផលសិក្សារបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះអង្គការផ្ទះបាយកុមារក៏មានការយកចិត្តទុកដាក់ក្នុងការតាមដានសុខភាពកុមារផងដែរ។

ទាំងនេះ គឺជាមូលដ្ឋានគ្រឹះដើម្បីជួយកុមារក្រីក្ររបស់កម្ពុជាឱ្យមានអនាគតល្អប្រសើរជាងមុន នៅពេលខាងមុខ លោកបានលើកទឹកចិត្តដល់កុមារៗ ដែលទទួលបានការថែទាំ ផ្គត់ផ្គង់ ពីផ្ទះបាយកុមារឱ្យខិតខំរៀនសូត្រ ទៅសាលារៀនដើម្បីឆ្ពោះទៅរកអនាគតភ្លឺស្វាងនាពេលខាងមុខ ជាពិសេសក៏ជាចំណែកមួយដ៏ធំជួយដល់សង្គមជាតិវិញ។ លោកសង្ឃឹមថាឪពុកម្តាយរបស់ក្មេងៗ និងបំពេញនូវទំនួលខុសត្រូវរបស់ពួកគេក្នុងនាមជាឪពុកម្តាយ និងធានាថាកូនៗ របស់ពួកគេទទួលបានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។ នៅបញ្ជប់លោកបានបន្ថែមទៀតថាកម្មវិធីសប្បុរសធម៌នេះមិនអាចទៅរួចនោះទេ បើគ្មានការចូលរួមឧបត្តមគាំទ្រ ជាវិភាគទានពីម្ចាស់ជំនួយសប្បុរសជននានា ដែលបានសហការរួមគ្នាដើម្បីសុខមាលភាពកុមារកម្ពុជា និងការរៀនសូត្ររបស់ពួកគេ៕

រូបថតដោយ៖ សាគូរ៉ា អេងលី