88Communication បានផ្លាស់ប្តូរផ្លាកយីហោជា 8TEEN Communication ដោយមានសេវាកម្មថ្មីៗ បន្ថែមទៀត

195

ភ្នំពេញ៖ ក្រុមហ៊ុនគ្រប់គ្រងសិល្បៈករ សិល្បៈការនីល្បីៗ ក្នុងបណ្តាញសង្គមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលគ្រប់គ្នាបាន​ស្គាល់ថាជាក្រុមហ៊ុនគ្រប់គ្រងតារាបណ្តាញសង្គម (Influencer) នោះគឺ ៨៨​ខមម្ញូនីខេសិន (88Communication)​ បានផ្លាស់ប្តូររូបរាងថ្មីទៅជា ៨ធីនខមម្ញូនីខេសិន​ (8TEEN Communication) ដើម្បីអបអរ​សាទរខួបលើកទី2 នៃការដំណើរការក្រុមហ៊ុនរបស់ខ្លួន។

- Advertisement -

បើតាមការឲ្យដឹងពី កញ្ញា យក់ ឆេងលាង ហៅ Pzee ស្ថាបនិក និងនាយក​ប្រតិបត្តិនៃក្រុមហ៊ុន 8TEEN Communication បានឲ្យដឹងថាក្រុមហ៊ុន Influencer Marketing ដំបូងគេបង្អស់​ក្នុងប្រទេសកម្ពុជាមួយនេះ​កំពុង​ពង្រីកខ្លួនបន្ថែមទៀតជាមួយនឹងសក្តានុពលរបស់ខ្លួន ដោយមានសេវាកម្មថ្មីៗ​ បន្ថែមទៀតដើម្បី​បំពេញតម្រូវការរបស់​អតិថិជន និងអ្នក​គាំទ្រ ព្រោះតែតម្រូវការ​ទីផ្សារឌីជីថលបែបថ្មី Influencer Marketing កំពុងតែមានសន្ទុះកាន់តែ​ខ្លាំងឡើងនាពេល​បច្ចុប្បន្ន​បើ​ធៀបទៅ​កាលពី 3​ឆ្នាំមុន ស្របពេលដែលក្រុមហ៊ុនធំៗ ជាច្រើនជាពិសេស​ ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី​ៗ​ លំដាប់​អន្តរជាតិ​ជាច្រើនកំពុង​បើក​ដំណើរការ​នៅ​កម្ពុជា។

នាយកប្រតិបត្តិនៃក្រុមហ៊ុនរូបនេះបានរៀបរាប់ថា៖ «មូលហេតុដែលយើងធ្វើការផ្លាស់រូបរាងរបស់ក្រុមហ៊ុន គឺដោយ​សារ 8TEEN Communication​ បានបន្ថែមនូវសេវាកម្មមួយចំនួនបន្ថែមទៀត ដើម្បីបំពេញតំរូវការអតិថិជន និង​ផ្តល់ជូនអ្វីដែលពិសេសពីសិល្បកររបស់យើងទៅកាន់អ្នកគាំទ្រ។ សេវាកម្មផ្សេងៗ ទាំងនោះរបស់ក្រុមហ៊ុនរួមមាន​ការបង្កើតយុទ្ធសាស្រ្តបែបឌីជីថលថ្មី (Influencer Marketing & Digital Marketing) ផលិតកម្មវីដេអូ​បែប ផ្សព្វផ្សាយ (Media Production) រចនាក្រាហ្វិក (Animation & Graphic Design) និង ការបង្កើតមាតិកា ច្នៃប្រឌិត (Content Creation) ឲ្យកាន់តែឈានទៅមុខមួយកម្រិតទៀតជាមួយនឹងការសម្រេចនូវគម្រោង ជាច្រើនរវាងដៃគូ​ទាំងក្នុងនិងក្រៅស្រុក»។​

គួរបញ្ជាក់ផងដែរថា 8TEEN Communication ​បានបង្ហាញខ្លួនជាលើកដំបូងក្រោមឈ្មោះ 88 Communication នៅក្នុងឆ្នាំ2018 ដែលមានសិល្បករចំនួន 8រូបតែប៉ុណ្ណោះ។ 8TEEN Communication គឺជាក្រុមហ៊ុនគ្រប់គ្រងតារា​បណ្តាញសង្គមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានមាតិកាបែបច្នៃប្រឌិត និងមានការបង្កើតយុទ្ធសាស្ត្របែប​ឌីជីថលឲ្យសមស្របជាមួយតម្រូវការទីផ្សារបច្ចុប្បន្ន។

តារាបណ្តាញសង្គមដែលអ្នកគ្រប់គ្នាកត់ចំណាំនូវការកែច្នៃរូបថត និងប្លង់ថតស្អាតៗ លោក​ Rainniedara បានបង្ហើប​ប្រាប់ថា លោកនឹងមានអ្វីដែលថ្មី ហើយប្លែកដើម្បីចែកជូនទៅដល់អ្នកគាំទ្ររបស់ខ្លួនធ្វើការអរគុណដល់អ្នកគាំទ្រ​របស់លោកកន្លងមក។

បន្ថែមពីនេះទៅទៀត តារាជួរមុខលើបណ្តាញសង្គម Fiyata បាននិយាយថា នាងមានភាពល្បីល្បាញរហូតមកថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងទាំងអស់ ហើយ Fiyata អរគុណទៅដល់អ្នកគាំទ្រទាំងអស់ផងដែរ បើគ្មានអ្នកគាំទ្រក៏គ្មាន Fiyata ដល់ថ្ងៃនេះដែរ។ Fiyata បានបន្ថែមថា នាងនឹងព្យាយាម​រកអ្វីថ្មីៗ បន្ថែមទៀតសម្រាប់អ្នកគាំទ្រ ស្របពេលជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីរបស់ 8TEEN Communication​មួយនេះ។

តារាបណ្តាញសង្គមរបស់ 8TEEN Communication អ្នកនាង Sophie បានប្រាប់ថាក្នុងនាមជារៀមច្បង អ្នកនាង​នឹងធ្វើជាគំរូដល់សិស្សប្អូនជំនាន់ក្រោយ ព្រមទាំងនឹងខិតខំប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់អ្នកគាំទ្ររបស់នាង​ផងដែរ។

នេះជា​ឱកាស​សម្រាប់​ការពង្រីក​ទីផ្សា​របែបឌីជីផលរបស់កម្ពុជា 8TEEN Communication ស្វាគមន៍រាល់ដៃគូ​សហការផ្សេងៗ ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខដើម្បីឈានទៅកាន់ទីផ្សារអន្តរ​ជាតិ​ មិនត្រឹមតែប៉ុណ្ណោះ 8TEEN Communication ​ប្រកាស​ស្វាគមន៍សិល្បករដែលមានសមត្ថភាពឲ្យចូលរួម​ជាមួយពួកយើងផងដែរ នេះបើតាមការឲ្យពីស្ថាបនិករបស់ 8TEEN Communication។

កញ្ញា ឆេងលាង បានបន្ថែមថា៖ «នៅក្នុងឆ្នាំថ្មី២០២០នេះ គឺជាឆ្នាំមួយពិសេសសម្រាប់ក្រុមហ៊ុនយើងផ្ទាល់ដែលបាន​បង្ហាញខ្លួនជាសាធារណះជាថ្មីម្តងទៀតក្នុងឈ្មោះ និងរូបរាងថ្មីជាមួយការកែប្រែប្រព័ន្ធដំណើរការឲ្យកាន់តែរលូន​ជាងមុនទៅទៀត។​ 8TEEN Communication នឹងពង្រីកនូវសក្តានុពល​របស់ខ្លួន ពិសេសទៅលើការតម្លើងនូវ បរិក្ខាទំនើបៗ ជាច្រើនដែលមានសមត្ថភាពក្នុងការផលិតនូវសមិទ្ធិផលខ្នាតធំៗ​ បាន ហើយក្នុងនោះផងដែរ យើងក៏ចង់ឲ្យសាធារណជនទាំងអស់ទន្ទឹងរង់ចាំមើលអ្វីដែលថ្មី ហើយប្លែកដែលនាំមក​ជូនដោយ 8TEEN Communication»។

កញ្ញាបានបន្ថែមទៀតថាការផ្លាស់ប្តូរមួយនេះ កញ្ញានឹងមិនធ្វើឲ្យអតិថិជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនខកបំណង​ឡើយ 8TEEN Communication នឹងពាំនាំនូវអ្វីដែលថ្មីនិងប្លែកទៅកាន់អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួនតាមរយះតួ​ប្រចាំរបស់ខ្លួន៕

រូបថតដោយ៖ សហការី