លំហែកំពត – Lomhae Kampot​ មាត់ព្រែកដ៏ស្រស់ស្អាតជាមួយនឹងថ្ងៃលិច និងថ្ងៃរះ

កំពត៖ ខេត្តកំពត គឺជាខេត្តមួយដ៏មានសក្តានុពលខាងផ្នែកទេសចរណ៍ដ៏ទាក់ទាញក្នុងចំណោមខេត្តដទៃទៀតនៅក្នុប្រទេសកម្ពុជា ដែលអាចអន្ទងចិត្តភ្ញៀវទេសចរឱ្យធ្វើដំណើរកម្សាន្តនៅតាមដងព្រែក រម្យណីដ្ឋាន តំបន់ភ្នំ ឆ្នេរសមុទ្រ ទឹកជ្រោះ ទីកន្លែងជម្រកសត្វស្លាប ចំការម្រេច ចំការធូរ៉េន  តំបន់ទំនប់ និងការធ្វើស្រែអំបិលរបស់ប្រជាជននៅក្នុងតំបន់។

ថ្ងៃនេះយើងនឹងនាំប្រិយ៍មិត្តមកស្គាល់រម្យណីដ្ឋានបែបធម្មជាតិមួយគឺលំហែកំពត – Lomhae Kampot ដែលស្ថិតនៅក្នុង ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយគ្រាន់តែធ្វើដំណើរពីក្រុងកំពតប្រហែលជា 15នាទីតែប៉ុណ្ណោះ ឬក៏ចំណាយពេលប្រហែលជា 20នាទីដោយការជិះទូកតាមដងព្រែក។ លំហែកំពត គឺជាទីតាំងបោះតង់ និងមានផ្ទះបឹងកាឡូបែបកូនកាត់ៗ នៅជាប់មាត់ព្រែកដែលមានទំហំដីប្រមាណជា 200ម៉ែត្រ និងអាចមើលឃើញជួរភ្នំបូកគោបានយ៉ាងច្បាស់។  មានខ្យល់អាកាសបរិសុទ្ធនៃជំនោរដងព្រែក អមជាមួយនឹងទេសភាពថ្ងៃលិច មុនពេលរាត្រីចូលមកដល់ ហើយផ្លាស់ប្តូរមកវិញនូវហ្វូងតារា និងព្រះច័ន្ទ តាមរដូវកាលនៃធម្មជាតិ វាជំនួសមកវិញនូវព្រះអាទិត្យរះនាពេលព្រឹកព្រលឹម។

បើតាមលោក ហៀក ប៊ុណ្ណារតន៍​ ដែលជាម្ចាស់ភាគហ៊ុន លំហែកំពត – Lomhae Kampot បានរៀបរាប់ឱ្យដឹងថាមុនដំបូងលំហែកំពត គ្រាន់តែជាផ្ទះសម្រាកលំហែជាលក្ខណៈផ្ទាល់ខ្លួននៅជាប់មាត់ព្រែក ដែលមានទេសភាពនៃជួរភ្នំបូកគោ អមជាមួយបរិយាកាសនៃជំនោរដងព្រែក អមដោយសុរិយាអស្តង្គត ជាមួយពេលរាត្រីមានហ្វូងតារារាប់រយប្រជែងបញ្ចេញពន្លឺជាមួយនឹងព្រះច័ន្ទ ដែលគ្រួសារលោករួមជាមួយមិត្តភ័ក្តតែងតែទៅលំហែរាល់ពេលទំនេរពីការងារ។ តែដោយសារលោកយល់ឃើញថាខេត្តកំពត គឺជាខេត្តមួយដែលមានសក្តានុពលទេចរណ៍ អាចមានលទ្ធភាពទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិឱ្យទៅកម្សាន្តនៅនោះបាន ដោយគ្រាន់តែធ្វើដំណើរត្រឹមតែ 148គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ជាពិសេសទៀតនោះខេត្តកំពតមានដងព្រែក ភ្នំ សមុទ្រ ចំការផ្លែឈើ និងស្រែអំបិល ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ផ្គួបផ្សំជាមួយនឹងការផ្តល់យោបល់ពីមិត្តភ័ក្ត បានធ្វើឱ្យលោកសម្រេចចិត្តបង្កើតរម្យណីដ្ឋានលំហែកំពតនេះដោយចាប់ផ្តើមពីការបោះតង់។

លោក ហៀក ប៊ុណ្ណារតន៍ បានរៀបរាប់ប្រាប់ឱ្យដឹងថា៖ «ដំបូងវាគ្រាន់តែជាផ្ទះសម្រាកលំហែជាលក្ខណៈផ្ទាល់ខ្លួនជាប់មាត់ព្រែក ដែលមានទេសភាពនៃជួរភ្នំបូកគោ អមជាមួយបរិយាកាសនៃជំនោរដងព្រែក កំដរដោយសុរិយាអស្តង្គត ជាមួយពេលរាត្រីហ្វូងតារារាប់រយប្រជែងពន្លឺជាមួយនឹងព្រះច័ន្ទ ដែលគ្រួសារខ្ញុំ រួមជាមួយមិត្តភ័ក្តតែងតែទៅលំហែរាល់ពេលទំនេរ។ 148គីឡូម៉ែត្រពីភ្នំពេញ មានព្រែក មានភ្នំ មានសមុទ្រ មានចំការ មានស្រែអំបិល ការយល់ឃើញផ្គួបផ្សំជាមួយការផ្តល់យោបល់របស់មិត្តភ័ក្ត ក្នុងការក្តាប់ឪកាសពីអ្វីដែលយើងមាន ជាហេតុដែលយើងខ្ញុំចាប់ផ្តើមបង្កើតសាកល្បងជំហានដំបូង គឺសេវាបោះតង់ ដែលមានឈ្មោះថា លំហែកំពត នេះ»។

លោក ឈុត សែន ប្រពៃ ជាអ្នកទេសចរម្នាក់ដែលបានទៅកម្សាន្តនៅទីនោះបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅនេះលោកមានអារម្មណ៍ថាស្រស់ស្រាយ គឺវានៅដាច់ដោយឡែកពីគេឯង ហើយមិនសូវជាឆ្ងាយពីក្រុងកំពតប៉ុន្មាននោះទេ រួមជាមួយនឹងទេសភាពដ៏ស្រស់ស្អាត មានភ្នំ មានទឹក ហើយលោកអាចរីករាយជាមួយនឹងការមើលថ្ងៃលិច និងថ្ងៃរះ ល្អជាងកន្លែងផ្សេងៗ ទៀត។ លោកទទួលបានអារម្មណ៍ស្រស់ស្រាយស្រឡះខ្លួនប្រាណ មិនមានសំលេងរំខានពីអ្នកដ៏ទៃ ហើយលោកក៏បានធ្វើការណែនាំទីកន្លែងលំហែនេះ​ គឺល្អសម្រាប់អ្នកស្វែងរកភាពស្ងប់ស្ងាត់ និងចង់បានការសម្រាកលំហែអារម្មណ៍ពីការងារ នៅឆ្ងាយពីជីវិតទីក្រុងមួយរយៈ ភ្ញៀវដែលទៅដល់លំហែ ក៏ដូចជារូបលោកទទួលបានការរាក់ទាក់ពីគ្នាទៅវិញទៅមក ហើយភ្ញៀវ ក៏ដូចជារូបលោកភាគច្រើនបានទៅម្តងហើយចង់ទៅម្តងទៀត និងបន្តណែនាំមិត្តភក្តិផ្សេងៗ ទៀតមកសម្រាកលំហែនៅទីនោះផងដែរ។

លោក ឈុត សែន ប្រពៃ បានលើកឡើងថា៖ «ទៅលំហែកំពតមានអារម្មណ៍ថាវាស្រស់ស្រាយ វានៅដាច់ដោយឡែកពីគេ មិនឆ្ងាយពីក្រុង ទេសភាពស្អាត មានភ្នំ មានទឹក ហើយអាចមើលថ្ងៃលិច និងថ្ងៃរះ ល្អជាងកន្លែងផ្សេងៗ។ ទៅហ្នឹង! វាអារម្មណ៍ថាស្រឡះ អត់មានសំលេងរំខាន ល្អសម្រាប់អ្នកស្វែងរកភាពស្ងប់ស្ងាត់ និងការសម្រាក់លំហែអារម្មណ៍ពីការងារ ឬទីក្រុង ភ្ញៀវដែលទៅមានការរាក់ទាក់គ្នាទៅវិញទៅមកយ៉ាងល្អ ភ្ញៀវទៅហ្នឹងភាគច្រើនទៅបានម្តងហើយចង់ទៅទៀត ហើយក៏បន្តរណែនាំមិត្តភក្តិផ្សេងៗ ទៀតមកដែរ»។

ចំណែកឯលោក ប្រ៊ូ ពៅ (Pro Pov) ដែលជាអ្នកទេសចរមួយរូបដែលនោះបានប្រាប់ឱ្យដឹងដែលថា ពីដំបូងរូបលោកចាប់អារម្មណ៍ទៅលើលំហែកំពតនៅត្រង់អង្រឹងនៅមាត់ទឹក ហើយវាប្រៀបបានដូចទៅនឹងនិមិត្តសញ្ញាតំណាងមួយសម្រាប់លំហែកំពត មួយដូច្នេះដែរ។ ពេលយប់ គឺពន្លឺដែលមាននៅលើដើមឈើជាច្រើន និងនៅម្តុំ Bartender ដែលបានតុបតែងមើលទៅជាប្រភេទ Classic បន្តិច និងមើលទៅប្លែក ហើយពេលមានអង្រឹងសម្រាប់ពេលថ្ងៃទៀតនោះ ចំណែកឯពេលយប់អ្នកទៅកម្សាន្តអាចទទួលភេសជ្ជៈ និងសន្ទនាគ្នាលេងនៅមាត់ព្រែកដែលមានចង់អង្រឹងនៅទីនោះផងដែរ។

លោក ប្រ៊ូ ពៅ បានលើកឡើងថា៖ «សម្រាប់លំហែអ្វីដែលខ្ញុំចាប់អារម្មណ៍ដំបូង ពេលថ្ងៃ គឺអង្រឹងមាត់ទឹក ត្រង់នេះប្រៀបដូចជាតំណាងមួយសម្រាប់លំហែ ពេលយប់ គឺពន្លឺភ្លើងនៅលើដើមឈើ ហើយ Bartender តុបតែងឱ្យមើលទៅរាង Classic បន្តិច ឱ្យមើលទៅប្លែក ព្រោះថាបើមានអង្រឹងតែមួយ គឺសម្រាប់តែពេលថ្ងៃ ហើយពេលយប់អ្នកទៅគេងនឹងរកអីផឹកសម្រាប់សន្ទនា និងក្លែមសំដីគ្នាលេង»។

ងាកមកលោក ហៀក ប៊ុណ្ណារតន៍ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់ថែរក្សាបិរិស្ថាននៅរម្យណីដ្ឋាន លំហែកំពត ដោយយកកត្តាធម្មជាតិ និងបរិស្ថាន ជាចម្បងដោយបំផុសគំនិតកុំឱ្យភ្ញៀវរប្រើប្រាស់ចានស្នោរ កែវប្លាស្ទីក និងសំភារៈដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផ្សេងៗ ទៀត។ លោកក៏បានប្រាប់ឱ្យដឹងពីផលវិបាកពីការបំពុលបរិស្ថាន ដោយភ្ញៀវភាគច្រើន គឺគាត់ពួកប្រើចានស្នោ កែវប្លាស្ទីក ជាពិសេសគឺប្រើប្រាស់ផលិតផលដែលមិនអាច Recycle បាន។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់មិនទាន់យល់ដឹងទូលំទូលាយក្នុងការគ្រប់គ្រងកាតសំណល់ ជាពិសសេគឺភ្ញៀវមួយចំនួនមិនទាន់យល់ដឹងច្បាស់ពីការបោះតង់។

លំហែកំពត – Lomhae Kampot មានផ្តល់សេវាកម្មស្នាក់នៅជាលក្ខណៈ បោះតង់ Semi Bungalow សេវាទូក កាយាក និងសេវាជូនភ្ញៀវទៅលេងកម្សាន្តនៅតំបន់ទឹកធ្លាក់។ ដោយតង់តូចអាចគេងបានគ្នាពីរនាក់ដែលមានតម្លៃ 15ដុល្លារ បូករួមមានផ្តល់ឱ្យនូវកម្រាល ខ្នើយ ភួយ ក្រម៉ា សម្រាប់មនុស្សពីរនាក់។ តង់ធំគេងបានគ្នាបួននាក់ ដែលមានតម្លៃ 25ដុល្លារ បូករួមមានផ្តល់ឱ្យនូវកម្រាល ខ្នើយ ភួយ ក្រម៉ា និងកង្ហារ។ ចំណែកឯ Semi bungalow មានតម្លៃ 25​ដុល្លារ អាចស្នាក់នៅជាលក្ខណៈប្តីប្រពន្ធ ដែលរួមមានឈុតគេង កន្សែង សម្រាប់មនុស្សពីរនាក់ ជាមួយនឹងកង្ហារផងដែរ។ Semi bungalow ដែលមានតម្លៃ 45ដុល្លារ អាចស្នាក់នៅជាលក្ខណៈគ្រួសារ និងគេងបានគ្នាបួននាក់ បូករួមជាមួយនឹងឈុតគេង កន្សែង សម្រាប់មនុស្សបួននាក់ និងកង្ហារមួយផងដែរ។ គួរបញ្ជាក់ថា​ក្នុងពេលឆាប់ៗ ខាងមុខនេះ លំហែកំពតនឹងមានបន្ថែមសេវានាំភ្ញៀវស្ទួចត្រី ស្ទួចមឹក និងនេសាទជាលក្ខណៈគ្រួសារក្នុងសហគមន៍ផងដែរ។ លំហែកំពតក៏មានផ្តល់សេវាកម្មជួលទូកចេញទៅសមុទ្រទឹករាកដោយតម្លៃ 40ដុល្លារ អាចជិះបានពី 15នាក់ ទៅ 20នាក់ និងសេវាជូនភ្ញៀវទៅលេងទឹកជ្រោះជាមួយនឹងតម្លៃចាប់ពី 20ដុល្លារ  ទៅ30ដុល្លារ។

លោកបានបន្ថែមទៀតថាចក្ខុវិស័យរបស់លំហែកំពត – Lomhae Kampot គឺជាការអភិវឌ្ឍខ្លួនឱ្យក្លាយទៅជារមណីយដ្ឋាន Nature Eco Friendly បែបពេញលេញមួយដែលទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន។ ដូច្នេះហើយបានជាលំហែកំពត ផ្តោតសំខាន់ទៅលើការកត្តាមួយចំនួនរួមមាន កាត់បន្ថយប្លាស្ទីក ការបែកចែកប្រភេទកាកសំណល់ និងរបស់ណាដែលត្រូវ Receycle បាន។ លំហែកំពតចង់ឱ្យប្រជាជនក្នុងតំបន់ ក្នុងស្រុក ក៏ដូចជាក្រៅស្រុក ទទួលបានអារម្មណ៍សម្រាកពិតប្រាកដមួយក្នុងអំឡុងពេលទទួលសេវាកម្មនៅលំហែកំពត ក៏ដូចជាចង់ឱ្យមនុស្សជាតិមានការផ្សារភ្ជាប់ទៅនឹងធម្មជាតិឱ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន លំហែកំពត សង្ឃឹមថានាថ្ងៃអនាគតលំហែកំពតអាចនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនឡើង៕

រូបថតដោយ៖ សាគូរ៉ា អេងលី និងសហការី