«សំណាញ់ជីវិត» ប្រលោមលោកខ្មែរសម័យទំនើបដែលអ្នកគួរតែអាន មុននឹងជ្រើសរើសជីវិតគូ

ភ្នំពេញ៖ ដរាបណាដង្ហើមយើងនៅតែដក បេះដូងយើងនៅតែដើរ ដាច់ខាតមិនត្រូវអស់សង្ឃឹម មិនត្រូវបោះបង់ខ្លួនឯង និងមិនត្រូវបិទឱកាសខ្លួនឯងឡើយ។ ទាំងនេះជាកម្លាំងលើកទឹកចិត្តដែលមានបង្កប់នៅក្នុងខ្សែរឿងប្រលោមលោកបែបមនោសញ្ចេតនា «សំណាញ់ជីវិត» របស់ លោកស្រី អ៊ុច ថាវី អ្នកនិពន្ធមកពីស្រុកកោះសូទិន ខេត្តកំពង់ចាម។

«សំណាញ់ជីវិត» បានក្លាយជាទីប្រឹក្សារបស់មិត្តអ្នកអាន និងបានក្លាយជាពន្លឺក្នុងការជួយនាំផ្លូវមិត្តអ្នកអានទាំងឡាយចេញពីទុក្ខសោកនៅក្នុងជីវិត។ អ្នកនិពន្ធយើងបានបង្ហាញពីបញ្ហាជីវិតចាក់ស្រេះ ហ៊ុមព័ទ្ធទៅដោយបញ្ហាកិត្តិយស ស្នេហា គំនុំគុំគួន ទ្រព្យសម្បត្តិ ការលោភលន់ ដូចជាសំណាញ់ក្រសោបរាងកាយមិនឲ្យរើទៅណារួច ប៉ុន្តែប្រលោមលោកជាង​២០០ទំព័រនេះ បានបង្ហាញពីច្រកចេញយ៉ាងវិជ្ជមានចំពោះដំណោះស្រាយបញ្ហាជីវិត។

ប្រលោមលោកសំណាញ់ជីវិតរបស់លោកស្រីអ៊ុចថាវី ទទួលបានការចាប់អារម្មណ៍នូវជ្រុងផ្សេងៗគ្នាពីអ្នកគាំទ្រ។ ចង់ដឹងពីចំណាប់អារម្មណ៍មិត្តអ្នកអាន សូមអានអត្ថបទខាងក្រោម

សារពីកញ្ញា កូន ផ្កាឈូក ទទួលស្គាល់ថាមានជីវិត គឺមានបញ្ហា។ កញ្ញាបានរៀបរាប់ឡើងយ៉ាងដូច្នេះ៖ «រឿងសំណាញ់ជីវិតបានបង្ហាញថា ចំណុចពិសេសនៃជីវិត ​​គឺជា​​បញ្ហា បើគ្មានបញ្ហាមិនហៅថាជីវិតទេ។ តម្លៃល្អរបស់ជីវិតនឹងទទួលបាននៅពេលយើងចេះដោះស្រាយបញ្ហា។ បញ្ហាច្រើនប្រៀបបានទៅនឹងសំណាញ់មនុស្សឆ្លាតប្រើបញ្ញា សេចក្តីល្អ ភាពអំណត់ ស្មោះត្រង់ ក្ដីស្រឡាញ់ រួមទាំងទំនុកចិត្តដើម្បីស្រាយសំណាញ់នោះឲ្យរលាក្លាយជាខ្សែត្រង់វិញ។ ពេលខ្លះផ្លូវវាងជាផ្លូវដែលអាចឲ្យយើងឆ្លៀតឱកាសដើរបានលឿនជាងផ្លូវកាត់។»

ជាការពិតណាស់ទំនាក់ទំនងសង្គមជាពិសេសស្នេហានេះតែម្តង គ្រឹះសំខាន់ណាស់គឺសេចក្តីទុកចិត្តនេះហើយ។ មិនឲ្យប្រិយមិត្តខកបំណង អ្នកនិពន្ធយើងបានបង្ហាញពីចំណុចនេះនៅក្នុងខ្សែរឿង «សំណាញ់ជីវិត» ហើយចំណុចពិសេសនៃការបង្ហាញពីសេចក្តីទុកចិត្តក៏អ្នកនិពន្ធយើងបានបង្ហាញឡើងនៅក្នុងខ្សែរឿងនេះផងដែរ។

ចំណាប់អារម្មណ៍ពីកញ្ញា Le Mon ទៅលើចំណុចនៃសេចក្តីទុកចិត្តនេះ​គឺជា៖​ «ទោះបីវាជាប្រលោមលោក តែវាបានបង្កប់នូវសារលើកទឹកចិត្តជាច្រើនដល់អ្នកអាន (ពិសេស គឺនារី)។ ក្នុងរឿងនេះដែរ ខ្ញុំគិតថាអ្នកនិពន្ធបានសង្កត់ធ្ងន់ទៅលើពាក្យថា (សេចក្តីទុកចិត្ត) ព្រោះបញ្ហាវាកើតមានឡើងក្នុងរឿងរវាងតួស្រី និងតួប្រុសដោយសារតែការមិនទុកចិត្តគ្នា។ ដូច្នេះបើមានភាពទុកចិត្តគ្នាទៅវិញទៅមកបញ្ហាក៏មិនងាយនឹងកើតឡើងដែរ។ នេះជាចំណុចខ្លះៗ ដែលខ្ញុំបានយល់ដឹងបន្ទាប់ពីអានចប់ ហើយខ្ញុំក៏លើកទឹកចិត្តឲ្យមនុស្សប្រុសអានរឿងនេះ ជាពិសេសផងដែរ ព្រោះរាល់ចម្ងល់របស់មនុស្សប្រុសដែលមានលើមនុស្សស្រី នឹងត្រូវបកស្រាយក្នុងរឿង សំណាញ់ជីវិតនេះ»។

កញ្ញា សយ សីហា បានយល់ឃើញថា៖ «ក្រោយអានរឿងសំណាញ់ជីវិតរួច កញ្ញាបានកត់សម្គាល់ទុកនូវចំណុចល្អៗ ដែលមានក្នុងរឿងជាចំណែកមួយនៃបទពិសោធក្នុងជីវិតរបស់កញ្ញា អាចឲ្យយើងស្វែងយល់ពីរឿងជីវិតគូ អាចឲ្យអ្នកអានគិតច្បាស់លាស់មុនសម្រេចចិត្តធ្វើអ្វីមួយ អាចឲ្យអ្នកអានស្វែងយល់ពីមូលហេតុ និងហេតុផលនៃរឿងទាំងឡាយដែលបានកើតឡើង ក្នុងរឿងជីវិតគូតែងតែប៉ះទង្គិចគ្នាខ្លះ​ ដូច្នេះហើយអាចឲ្យយើងមានការអធ្យាស្រ័យចំពោះគ្នា។ ជីវិតជាគូមិនងាយស្រួលឡើយ ដូច្នេះអ្នកអាន ជាពិសេសយុវវ័យគួរតែស្វែងយល់មុននឹងសម្រេចចិត្តជ្រើសរើសនរណាម្នាក់មកក្នុងជីវិតយើង»។

ហេតុផលនៃការស្រឡាញ់ចង់បានមនុស្សតើមែនទេ? ក្នុងរឿងនេះក៏បានបង្ហាញផងដែរ ពីការស្រឡាញ់ពិតប្រាកដ។ ចង់ដឹងយ៉ាងណា ចាប ក្រដាស អាចប្រាប់បាន៖ «សម្រាប់ប្អូនគឺយល់ថា រឿងមួយនេះគឺប្រៀបដូចជាសៀវភៅដែលបង្រៀនពីការស្រឡាញ់។ ជួនកាលមនុស្សអាចយល់ខុស ហើយបែរជាប្រើការស្រឡាញ់ជាចំណងចងឱបក្រសោបនូវអ្វីដែលពួកគេចង់បាន ទាំងដែលការពិតការស្រឡាញ់ពិតប្រាកដ គឺជាការឲ្យតម្លៃ និងផ្តល់សេរីភាពដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ ម៉្យាងទៀត គ្រប់តួអង្គនៅក្នុងរឿងនេះ សុទ្ធតែមានគុណសម្បត្តិ ដែលអាចឲ្យអ្នកទទួលបាននូវមេរៀនជីវិតសម្រាប់ប្រើជាបច្ច័យនៅក្នុងជីវិតរស់នៅទៅថ្ងៃមុខ»។

អាពាហ៍ពិពាហ៍មិនមែនជាទីបញ្ចប់នៃជីវិត ប៉ុន្តែជាការចាប់ផ្តើមថ្មីមួយនៃទំនាក់ទំនងស្អិតរមួតស៊ីជម្រៅរបស់បេះដូងមនុស្សពីរនាក់។ ជីវិតអាពាហ៍ពិពាហ៍បង្កប់នៅក្នុងរឿងសំណាញ់ជីវិតមែនទេ? តើអ្នកនិពន្ធយើងបង្ហាញពីអ្វី? តើយ៉ាងណាទៅ? ចង់ដឹងកញ្ញា Sin Sonita អាចប្រាប់បាន។

កញ្ញា Sin Sonita បានលើកឡើងថា៖ «សំណាញ់ជីវិត ជារឿងមួយដែលអ្នកនិយមអានប្រលោមលោកមិនគួរមើលរំលងព្រោះសាច់រឿងល្អអានណាស់។ ខ្ញុំចាប់អារម្មណ៍រឿងនេះ ព្រោះសាច់រឿងបានផ្ដោតសំខាន់ទៅលើជីវិតគ្រួសាររបស់គូស្វាមីភរិយាដែលរៀបការរួចហើយជួបនូវបញ្ហាជាច្រើន មានទាំងវិបត្តិសេដ្ឋកិច្ច អាជីវកម្ម ការប្រចណ្ឌ មិនទុកចិត្តគ្នារវាងប្ដីប្រពន្ធ។ ខុសពីរឿងដទៃទៀតដែលភាគច្រើនផ្ដោតទៅលើបញ្ហាជីវិត ឬរឿងរ៉ាវស្នេហារបស់យុវវ័យ កំលោះក្រមុំជាដើម»។

ចំណែកឯលោក ថ្ម កាបូន (ឌឹម ណៃយ៉េ) វិញបានលើកឡើងថា៖ «ពិសេសត្រង់ថារឿងនេះសរសេរឡើងដោយបង្ហាញពីបញ្ហាជាក់ស្តែង​ក្នុងសង្គមគ្រួសារ មិនស្រមើស្រមៃ ដែលជាតម្លៃអភិវឌ្ឍន៍អាចឲ្យអ្នកអានទទួលយកទៅប្រើប្រាស់ដើម្បីដោះស្រាយ និងសម្រួលនៅក្នុងជីវភាពរស់នៅរបស់ខ្លួនបាន»។

វិលត្រឡប់មកជួបជាមួយនិងអ្នកនិពន្ធយើងវិញ លោកស្រី អ៊ុច ថាវី ពេលបានអាន បានស្តាប់ចំណាប់អារម្មណ៍របស់ប្រិយមិត្តចំពោះខ្សែរឿងរបស់ខ្លួនយ៉ាងនេះ តើលោកស្រីកក់ក្តៅក្នុងចិត្តទេថា សារដែលលោកស្រីចង់បង្ហាញពិតជាបានជ្រួតជ្រាបដល់ប្រិយមិត្ត?​

លោក ស្រី អ៊ុច ថាវី បានប្រាប់ឲ្យដឹងថា៖ «ក្តីសុខរបស់អ្នកនិពន្ធ គឺនៅពេលដែលសារ ដែលខ្លួនបានបង្កប់នៅក្នុងស្នាដៃត្រូវបានមិត្តអ្នកអានមើលឃើញ ហើយស្នាដៃដែលខ្លួនខិតខំសម្រិតសម្រាំងត្រូវបានអ្នកអាន​ពេញចិត្ត។ វាបង្ហាញថាការខិតខំប្រឹងប្រែងរបស់យើងមិនអត់ប្រយោជន៍ទេ ហើយវា​គឺជា​កម្លាំងចិត្តដ៏ពិសេសក្នុងការបន្តការងារតែងនិពន្ធនេះទៀត»។

លោកស្រី អ៊ុច ថាវី ច្បាស់ណាស់ថាអក្សរសាស្ត្រខ្មែរ រាល់គ្រប់តួអក្សរខ្មែរនីមួយៗ ពិតជាបានលោតឡើង និងមានជីវិតជីវ៉ានៅលើក្រដាស់សៀវភៅ តាមរយៈស្នាដៃអ្នកនិពន្ធខ្មែរយើង។ តើលោកស្រីយល់ថា មានកត្តាអ្វីខ្លះអាចជួយអភិរក្សអក្សរខ្មែរយើងបាន?

លោកស្រី អ៊ុច ថាវី៖ «អក្សររលត់ ជាតិរលាយ អក្សរពណ្ណរាយ ជាតិថ្កើងថ្កាន នេះជាពាក្យស្លោក​ដែល​ប្រើសម្រាប់​អភិរក្សអក្សរជាតិយើង។ ការបោះពុម្ពស្នារដៃជាអក្សរជាតិ ក៏​ជា​យន្តការ​សំខាន់​​មួយ​ដើម្បី​​លើក​កម្ពស់ និង​អភិរក្សអក្សរ​ជាតិ​ផងដែរ ដូច្នេះវាជារឿងសំខាន់ណាស់​ដែល​អ្នកនិពន្ធ​ចាំបាច់ត្រូវការពារកុំឲ្យមាន​​កំហុស​អក្ខរាវិរុទ្ធនៅក្នុងស្នាដៃរបស់ខ្លួន។ បើ​ពាក្យ​​ណា​មិនច្បាស់ អាចស្រាវជ្រាវមើលក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត បាន។ ការ​សរសេរ​អក្សរជាតិខ្លួនឯងឲ្យបានច្រើន ធ្វើឲ្យបរទេស​មើលមកថា យើងជាជាតិសាសន៍​មួយ​ដែល​គោរពស្រឡាញ់ អភិរក្ស ថែរក្សា​អក្សរជាតិបាន​យ៉ាងល្អ។ កុំមោទនភាព ឬគិត​ថា​ខ្លួនឯង​អស្ចារ្យនៅពេលដែលខ្លួនសរសេរ​អក្សរ​បរទេសបានល្អ ខណៈដែលខ្លួនមិនអាចសរសេរ​អក្សរ​ជាតិ​​ខ្លួន​ត្រង់ជួរនោះ»។

ចុងក្រោយលោកស្រី អ៊ុច ថាវី មានសារផ្តាំផ្ញើដល់អ្នកនិពន្ធជំនាន់ក្រោយ និងប្រិយមិត្តអ្នកអានទាំងឡាយថា៖ «ចំពោះអ្នកនិពន្ធ សូមបន្តការតែងនិពន្ធ និងបន្តកែលម្អគុណភាពស្នាដៃរបស់ខ្លួនឲ្យរឹតតែល្អ ធ្វើយ៉ាងណាឲ្យស្នាដៃរបស់ខ្លួនក្លាយជាស្នាដៃដែលមានប្រយោជន៍ចំពោះអ្នកអានលើសពីការកម្សាន្តតែមួយមុខ និងសូមយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធផង។ អ្នកនិពន្ធដែលកាន់តែល្បី សូមកាន់តែប្រយ័ត្នចំពោះស្នាដៃរបស់ខ្លួន ពីព្រោះថាអ្នកអាន ឬហ្វេនៗ តែងជឿនូវរាល់អ្វីដែលអាយឌលរបស់ខ្លួនសរសេរ»។

ចំពោះអ្នកអាន សូមចូលរួមគាំទ្រស្នាដៃប្រលោមលោកជាភាសាខ្មែរឲ្យបានច្រើនដើម្បីរួមចំណែកក្នុងការថែរក្សា និងលើកតម្កើងភាសាជាតិយើង។ សូមចូលរួមកែលម្អដើម្បីស្ថាបនានូវរាល់ស្នាដៃ​​​​​​ដែលអ្នកបានអានដើម្បីជួយបង្កើនគុណភាពស្នាដៃនាពេលក្រោយៗ។ ខ្ញុំក៏សូមអរគុណចំពោះមិត្តអ្នកអានមួយចំនួនដែលតែងតែគាំទ្រនូវរាល់ស្នាដៃតែងនិពន្ធជាភាសាខ្មែរ។ អរគុណដែលតែងចំណាយពេលអានហើយសរសេរពីមតិយោបល់របស់ខ្លួន បង្ហោះនៅតាមបណ្តាញសង្គមដើម្បីឲ្យអ្នកដែលមិនទាន់បានអានមានចិត្តចង់អាន។ មតិយោបល់របស់អ្នកអានទាំងអស់គឺជាឱសថសម្រាប់បង្កើនកម្លាំងចិត្តដល់អ្នកនិពន្ធឲ្យរឹតតែខិតខំសម្រិតសម្រាំងស្នាដៃរបស់ខ្លួននាពេលក្រោយៗទៀត។

អត្ថបទដោយ៖ ទួត ណាវ័ន្ត និងសាគូរ៉ា អេងលី