អង្គការ BBC Media Action បង្កើតកម្មវិធីទស្សនាចរណ៍សិក្សា អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET​ នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ

446

ភ្នំពេញ៖ កាលពីពេលថ្មីៗ នេះអង្គការ BBC Media Action សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ  National Employment Agency – NEA ដែលទទួលបានមូលនិធិពីស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ British Embassy Phnom Penh បានបង្កើតកម្មវិធីទស្សនាចរណ៍សិក្សា អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET​ នៅឯខេត្តស្ទឹងត្រែង និងខេត្តក្រចេះ រយៈពេល ០៣ថ្ងៃ។

កម្មវិធីទស្សនាចរណ៍សិក្សា TVET ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្តល់ចំណេះដឹងអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ TVET ជំនាញទន់ និងឱកាសការងារ ដល់យុវជនដែលមានអាយុចន្លោះពី ១៥-២៤ ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយ TVET ដើម្បីស្វែងយល់ និងទទួលបានព័ត៌មានពីការបណ្តុះបណ្តាលជំនាញ នៅក្នុងតំបន់របស់ពួកគេដោយផ្ទាល់តែម្តង ហើយយុវជនក៏អាចមានឱកាសពិភាក្សាអំពីគោលដៅអនាគតរបស់ពួកគេជាមួយអ្នកផ្តល់ប្រឹក្សាអាជីព និងបង្កើនការយល់ដឹងអំពី TVET ថាតើ TVET អាចជួយឲ្យពួកគេទទួលបានជំនាញ និងអាជីពបានយ៉ាងដូចម្តេច។

- Advertisement -

គោលបំណងសំខាន់មួយទៀតនៃកម្មវិធីនេះគឺ ដើម្បីបង្កើនការយល់ដឹង ផ្តល់ចំណេះដឹងអំពី TVET និងការទទួលបានឱកាសសិក្សាជំនាញនៅ TVET ដល់យុវជននៅក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពផ្សព្វផ្សាយតាមសហគមន៍ដែលមានគំនិតច្នៃប្រឌិត និងដើម្បីគាំទ្រដល់យុវជនក្នុងការសម្រេចចិត្តទាក់ទងនឹងជីវភាពរស់នៅរបស់ពួកគេ។ ម្យ៉ាងវិញទៀតគឺបង្កើនចំណេះដឹង និងការយល់ដឹងអំពីជំនាញទន់ ជាពិសេសគឺឱកាសការងារដល់យុវជននៅក្នុងប្រទេសកម្ពុជាតែម្តង។

កម្មវិធីទស្សនាចរណ៍សិក្សា TVET បានរៀបចំឡើងជាមួយនឹងថ្នាក់រៀនបែបសកម្មទំនើប មានការចូលរួម និងប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់ឱកាស និងបង្កលក្ខណៈងាយស្រួលដល់អ្នកចូលរួមក្នុងការសិក្សារៀនសូត្រ ការធ្វើការស្វែងរកព័ត៌មាន ឆ្លុះបញ្ចាំងពីអ្វីដែលបានរៀន និងអនុវត្តជំនាញ និងចំណេះដឹងផ្ទាល់តែម្តង។ ទ្រង់ទ្រាយនៃមកម្មវិធីនេះត្រូវបានគេដាក់ឈ្មោះថា «លើប» “LERP = Learn, Explore, Reflect, and Practice” ហើយលំហូរទូទៅនៃកម្មវិធីបង្ហាញពី៖

១. រៀន (ការចែករំលែកបទពិសោធន៍ និងទ្រឹស្តី)៖ មានការណែនាំពីវាគ្មិន និងបង្ហាញនូវអ្វីដែលអ្នកចូលរួមត្រូវរៀន ជាពិសេសគឺការរំពឹងទុកថានឹងទទួលបានចំណេះដឹងអំពីវគ្គនីមួយៗ។ អ្នកចូលរួមបានពិភាក្សាជាគូ (ប្រុស និងស្រី) ជាមួយនឹងប្រធានបទដែលបានផ្តល់ជូន បន្ទាប់មកវាគ្មិន និងអ្នកចូលរួមចាប់ផ្តើមកិច្ចពិភាក្សាតែម្តង។ វិធីនេះអនុញ្ញាតឱ្យវាគ្មិនទទួលបានចំណេះដឹង និងបទពិសោធន៍ពីអ្នកដែលបានចូលរួមកម្មវិធី TVET មុនពេលចែកចាយបទពិសោធន៍ និងជំនាញត្រឹមត្រូវជុំវិញការសិក្សា។ អ្នកចូលរួមទទួលបានចំណេះដឹងលើជំនាញទន់ TVET និងទទួលវិជ្ជាជីវៈមួយពិតប្រាកដតាមរយៈវគ្គសិក្សាទ្រឹស្តីអមដោយកិច្ចពិភាក្សាខ្លីៗ ផងដែរ។

២. ស្វែងរកព័ត៌មាន៖ អ្នកដែលបានចូលរួមក៏មានឱកាសក្នុងស្វែងរកស្តង់នៃការតាំងពិព័រណ៍ ដោយមានការសម្របសម្រួលពីបុគ្គលិក ឬវាគ្មិន។ អ្នកចូលរួម នឹងទទួលបានការជម្រុញលើកទឹកចិត្តបន្ថែម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយភ្នាក់ងារផ្តល់ប្រឹក្សាអាជីព និងវគ្គបណ្តុះបណ្តាលជំនាញនៅថ្នាក់មូលដ្ឋាន។

៣. ឆ្លុះបញ្ចាំងអ្វីដែលបានសិក្សារួច និងសំណួរចម្លើយ៖ បន្ទាប់ពីអ្នកចូលរួមបានធ្វើការជាក្រុមរួចហើយ វាគ្មិនធ្វើការឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានរៀន ដើម្បីផ្តល់មតិយោបល់បន្ថែមអំពី TVET ដូចជាឱកាសអាហារូបករណ៍ ឬក៏ទីកន្លែងដើម្បីស្វែងរកព័ត៌មានអំពី TVET ជាដើម។ ជាពិសែសគឺការផ្តល់ឱកាសដល់យុវជនឆ្លុះបញ្ចាំង និងរំលឹកនូវអ្វីដែលគេបានរៀន ដើម្បីទទួលបានការយល់ដឹងបានស៊ីជម្រៅ។

៤. អនុវត្ត៖ អ្នកចូលរួមនឹងធ្វើការងារជាក្រុមដើម្បីពិភាក្សា និងអនុវត្តលើប្រធានបទដែលពាក់ព័ន្ធនៃវគ្គនីមួយៗ ដោយមានការណែនាំច្បាស់លាស់ពីវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងថ្នាក់នីមួយៗ។ វគ្គនេះនឹងជួយបង្កើនជំនឿជឿរជាក់ និងជម្រុញលើកទឹកចិត្តដល់យុវជន ដើម្បីធ្វើសកម្មភាពបន្តឆ្ពោះទៅរកអាជីពនាពេលអនាគត និងមុខរបររបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរឡើង៕

រូបថតដោយ៖ សហការី