អង្គការ St Jonh ភ្នំពេញ បានប្រារព្ធពិធីជប់លៀងប្រចាំឆ្នាំ២០១៩ នៅឯសណ្ឋាគារ Himawari Hotel Apartments

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩ អង្គការ សេនចន ភ្នំពេញ (St Jonh Phnom Penh) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយផ្តោតទៅលើការជួយសង្រ្គោះបឋមបានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំ២០១៩ និងទទួលទានអាហារពេលល្ងាចជុំគ្នានៅឯសណ្ឋាគារ Himawari Hotel Apartments។

កម្មវិធីមានការអញ្ជើញចូលរួមពីសមាជិកអង្គការ សេនចន ភ្នំពេញ (St Jonh Phnom Penh) សិក្ខាកាម និងជាពិសេសវត្តមានសិស្ស ក៏ដូចជាថ្នាក់គ្របគ្រង់ពីសាលារៀន សហគមន៍ អេម៉ាញូអែល Emmanuel Community School (ECS Cambodia) ។​ នាឱកាសដ៏ពិសេសនោះក៏មានការផ្តល់ជូននូវប័ណ្ណសរសើរ ពានរង្វាន់ និងវិញ្ញាបនប័ត្រតម្លើងឋាននត្តរសក្កិដល់សមាជិកដែលបានបំពេញការងារអស់​រយៈពេលពេញមួយឆ្នាំ។

នៅក្នុងកម្មវិធីមានការសម្តែងបទចម្រៀងបុណ្យណូអែលពីក្រុមសិស្សមកពីសាលារៀន សហគមន៍ អេម៉ាញូអែល Emmanuel Community School (ECS Cambodia) និងការសម្តែងបទចម្រៀងបុណ្យណូអែលពីក្រុមគ្រួសារលោក Oreshko មកពីប្រទេស រុស្ស៊ីផងដែរ។ ក្រុមសមាជិកអង្គការ សេនចន ភ្នំពេញ (St Jonh Phnom Penh) និងវត្តមានភ្ញៀវដែលបានអញ្ជើញចូលរួម សប្បាយរីករាយជាមួយនឹងការចាប់រង្វាន់ជាច្រើន ជាពិសេសគឺការទទួលទានអាហារយ៉ាងឈ្ងុយឆ្ងាញ់ពីភោជនីយដ្ឋាន Oyster របស់សណ្ឋាគារ Himawari Hotel Apartments តែម្តង។

គួរបញ្ចាក់ផងដែរថាអង្គការ សេនចន ភ្នំពេញ (St Jonh Phnom Penh) បាន​បំពេញកាត្វកិច្ចយ៉ាងល្អសម្រាប់ការងារសាធារណៈដូចជា កម្មវិធី F1 Singapore Grand Prix, កម្មវិធីទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ កម្មវិធីមហោស្រពភ្នំពេញជាទីស្រលាញ់ និងកម្មវិធីផ្សែងៗ មួយចំនួនទៀតនៅតាមបណ្តាលខេត្តផងដែរ៕

រូបថតដោយ៖​ សាគូរ៉ា