កម្មវិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០១៩ នៅផ្សារទំនើប អុីអន សែនសុខ ស៊ីធី

388

ភ្នំពេញ៖ ថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថានទូតជប៉ុនរួមសហការជាមួយស្ថាប័នទេសចរណ៍ជប៉ុន បានរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០១៩ ពីរថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី៧ និង​ថ្ងៃទី៨ នៅ Central Court ក្នុងផ្សារទំនើប អុីអន សែនសុខ ស៊ីធី។ ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជប៉ុនទៅកាន់ប្រជាជនកម្ពុជា ជាពិសេសគឺរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជាទៅលើវិស័យទេសចរណ៍។

ពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០១៩ មានការអញ្ជើញចូលរួម​បើកកម្មវិធីពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កម្មវិធីនេះទទួលបានការសហការពីក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways Co., Ltd (ANNA) វើលដ៍ ផប ទេសចរណ៍ (World Pop Travel & Tour) និងមានការដាក់តាំងបង្ហាញផលិតផលមួយចំនួនដែលបាននាំមកពីប្រទេសជប៉ុន។

- Advertisement -
ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

លើសពីនេះទៀតពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០១៩ ក្នុងរយៈពេលពីរថ្ងៃមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជាមានការសម្តែងស្គរប្រពៃណីរបស់ជប៉ុនមកពីក្រុម Mekong Daiko និងមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ មានការបង្រៀនភ្ញៀវ និងក្មេងៗ ឲ្យចេះធ្វើចង្កឹះ របៀបបត់ចាបក្រដាស និងស្លៀកសំលៀកបំពាក់បែបប្រពៃណីជប៉ុនផងដែរ។

គួរបញ្ជាក់ថាចំនួនអ្នកទេសចរកម្ពុជាទៅកម្សាន្តនៅប្រទេសជប៉ុនបានកើនឡើងដល់ ២២.០០០នាក់ ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១០  មានតែចំនួន ៣០០០នាក់ប៉ុណ្ណោះ។

រូបថតដោយ៖ សាគូរ៉ា