កីឡាឡើងជញ្ជាំងភ្នំផ្សារភ្ជាប់ទៅនឹងទេសចរណ៍ធម្មជាតិ

935

សៀមរាប៖ កីឡាឡើងជញ្ជាំងភ្នំមិនត្រឹមតែជាកីឡាដែលយើងបានហ្វឹកហាត់ត្រៀមចេញទៅប្រកួតតែមួយមុខទេនោះ វាក៏ជាប្រភេទកីឡាដែលអាចឲ្យយើង ដែលជាអ្នកលេងកីឡាមួយប្រភេទនេះបានផ្សារភ្ជាប់ទៅនឹងទេសចរណ៍ផងដែរ។

យើងបានឃើញថាការលេងកីឡាមួយប្រភេទនេះ ក៏អាចលេងតាមររយៈការបង្កើតភ្នំសប្បនិមិត្តដែលហៅថា (Artificial Climbing Wall) យើងអាចលេងនៅទីកន្លែងដែលមានបរិស្ថានល្អជាមួយនឹងឧទាហរណ៍​ដូចជា​ ជញ្ជាំងសប្បនិមិត្ត ដែលបានបង្កើតមុនគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តសៀមរាបកាលពីឆ្នាំ2010 គឺ Angkor Climbers Net  និងជញ្ជាំងសប្បនិមិត្តមួយទៀតនៅរាជធានីភ្នំពេញគឺ Phnom Climb Community Gym ដែលជាជញ្ជាំងឡើងភ្នំសប្បនិមិត្តធំជាងគេបំផុតនៅប្រទេសកម្ពុជា។

- Advertisement -

កីឡាមួយប្រភេទនេះគឺយើងផ្តោតទៅលើការលេងជាមួយនឹងធម្មជាតិ ជាលក្ខណៈទេសចរណ៍ តាមរយៈការលេងនៅភ្នំធម្មជាតិដូចជា៖ Abseiling, Tree Climbing, Bouldering និង Rock Climbing ហើយវាគឺជាកីឡាទេសចរណ៍ដែលទទួលបានការចាប់អារម្មណ៍ និងចូលរួមនាពេលថ្មីៗនេះ ពីយុវជនមួយក្រុម ដោយមានការដឹកនាំពីក្លឹប Khmer Climbing School, Phnom Climb Community Gym Angkor Climbing Wall និង Bayon Unique Photography & Adventure។

ទីកន្លែងដែលពេញនិយមសម្រាប់លេងកីឡាប្រភេទនេះមានដូចជា៖ ថ្មលយ​ ឧទ្យានជាតិគីរីរម្យ ភ្នំកំពង់ត្រាច ខេត្តកំពត ភ្នំជាលា​ ឬក៏ភ្នំបែកពាង ខេត្តកំពង់ចាម ភ្នំជញ្ជាំង ខេត្តបន្ទាយមានជ័យ​ ភ្នំសំពៅ និងភ្នំបារាំងធ្លាក់ ខេត្តបាត់ដំបង ពើងជ្រួញ ពើងវត្តចាស់ ក្បាលស្ទឹង ទឹកធ្លាក់អន្លង់មាស លើភ្នំគូលែន ក្នុងខេត្តសៀមរាប។

យោងតាមលោក ម៉ម សុថារិន្ទ​ ជាស្ថាបនិករបស់ Khmer Climbing School បានលើកឡើងថា​ «នៅលើដងភ្នំគូលែន គឺជាទីកន្លែងសមស្របបំផុតសម្រាប់ពង្រីកសក្តានុពល កីឡាទេសចរណ៍មួយប្រភេទនេះ ដែលកីឡានេះកំពុងពេញនិយម និងបានផ្សព្វផ្សាយទៅដល់ស្រទាប់យុវជនដែលពួកគេចូលចិត្តសកម្មភាពកីឡាប្លែកៗ»

ហើយលោកមានមហិច្ឋិតា និងចង់រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ជាលក្ខណៈអន្តរៈជាតិមួយ ដែលមានឈ្មោះថា Kulen World Bouldering Festival នៅលើឧទ្យានជាតិភ្នំគូលែន ដែលអាចជំរុញទាំងភ្ញៀវទេសចរណ៍ជាតិ និងជាពិសេសភ្ញៀវអន្តរជាតិដែលចូលចិត្តកីឡា Rock Climbing នេះ។

លោកបានបញ្ជាក់ដោយមានទំនុកចិត្តថា «បើមានការគាំទ្រពីក្រសួងទេសចរណ៍ និងអាជ្ញាធរដែលពាក់ព័ន្ធដូចជា សហព័ន្ធកីឡាឡើងភ្នំកម្ពុជា Cambodia Climbing Federation​ ឬហៅកាត់ថា CCF រួមសហការណ៍ជាមួយ Khmer Climbing School Angkor​ Climbing Wall និង​ Phnom Climb Community Gym ក្នុងការរៀបចំកម្មវិធីនេះ​ នៅលើភ្នំគូលែនអោយក្លាយទៅជាតំបន់លេងកីឡាទេសចរណ៍ ដែលមានភាពទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា»

បើតាមលោក លឹម សុខន ជាស្ថាបនិករបស់ Bayon Unique Photography & Adventure ដែលជាអ្នកថតរូបបែបដំណើរផ្សងព្រេង និងជាអ្នកដែលចូលចិត្តរុករកតំបន់ទេសចរណ៍លាក់ខ្លួនមកបង្ហាញបងប្អូន បានរៀបរាប់ឲ្យដឹងថា «នៅក្នុងប្រទេសកម្ពុជា នៅមានកន្លែងជាច្រើនទៀតដែលមានភាពទាក់ទាញ និងមិនទាន់មានអ្នកស្គាល់​ ដូច្នេះតម្រូវឲ្យលោកត្រូវរុករក និងស្រាវជ្រាវបន្ថែមទៀត គោលបំណងសំខាន់គឺចង់ផ្សព្វផ្សាយទេសចរណ៍នៅក្នុងតំបន់ឲ្យប្រជាជន និងជនជាតិបរទេសបានស្គាល់ ហើយក៏ដូចជាបានផ្តល់ផលប្រយោន៍ និងកម្រៃខ្លះៗ ជូនទៅដល់ប្រជាជននៅក្នុតំបន់ផងដែរ»។

លោកបន្ថែមទៀតថា​ «ម្យ៉ាងវិញទៀតគឺលោក ក៏ដូចជាប្រជាជនក្នុងតំបន់មានបំណងចង់ឲ្យភ្ញៀវទេសចរណ៍អាចស្នាក់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងទីក្រុងសៀមរាបបានលើសពីរថ្ងៃ ឬក៏ច្រើនជាងនេះ ហើយពួកគាត់អាចអញ្ជើញទៅតំបន់ទេសចរណ៍ផ្សែងៗ ជាច្រើនទៀត ក្រៅពីតំបន់ប្រាសាទ ពួកគាត់អាចចូលរួមជាមួយនឹងដំណើរកម្សាន្តបែបផ្សងព្រេង និងលេងកីឡាទៀតផង»។​

គួរបញ្ជាក់ផងដែលថានៅក្នុងឆ្នាំ2019 កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានរៀបចំការបណ្តុះបណ្តាលវគ្គ South-East Asia Sport Climbing ដល់សមជិករបស់ខ្លួនដើម្បីក្លាយជាគ្រូបង្វឹក ដែលមានការទទួលស្គាល់ពីសហព័ន្ធកីឡាឡើងភ្នំអាស៊ី ដើម្បីធ្វើការបណ្តុះបណ្តាលបន្តដល់អ្នកដែលចូលចិត្តកីឡាទេសចរណ៍ និងរបៀបដំណើរផ្សងព្រេង។

វគ្គបណ្តុះបណ្តាលផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់កីឡាករ ពីបច្ចេកទេសប្រើប្រាស់ឧបករណ៍ និងបច្ចេកទេសក្នុងការឡើងឬចុះតាមខ្សែពួរ។

Sport Climbing, Abseiling និង Tree Climbing ដែលនាពេលថ្មីៗ នេះបានក្លាយជាកីឡាពេញនិយមពីក្រុមយុវជនដែលស្រឡាញ់ធម្មជាតិ ចូលចិត្តបោះតង់ ដើរព្រៃ និងឡើងភ្នំ។ ដោយគិតគូរពីសុវត្ថិភាព សហព័ន្ធកីឡាឡើងភ្នំបានផ្តល់សិទ្ធដល់ Khmer Climbing School ដើម្បីរៀបចំការបណ្តុះបណ្តាលវគ្គ SEA Sport Climbing ដែលមាន 3កំរិតគឺ Level 1, Level 2 និង Level 3។

សម្រាប់ពត៌មានលំម្អិតពីតំម្រូវការក្នុងការចូលរៀន និងមេរៀនក្នុងកំរិតនីមួយៗ សូមចុចមើលក្នុង http://www.seacf.org/standards/index.html

1. Cambodian Climbing Federation: លោក ទុយ ប៊ុនហឿន Tuy Bunhoeun និងលេខទូរស័ព្ទ៖ 017 455 127, លោក សឹម រ៉ន Mr. Seam Rorn និងលេខទូរស័ព្ទ៖ 092 336 924

2. Khmer Climbing School: លោក ម៉ម សុថារិន្ទ Mr. Mam Sotharin និងលេខទូរស័ព្ទ៖ 098 791 555 ឬក៏អាចឆែកពត៌មានបន្ថែមតាមហ្វេកបុកផេក៖ Khmer Climbing School

3. Bayon Unique Photography & Adventure: លោក លឹមសុខន Mr. Lim Sokhorn និងលេខទូរស័ព្ទ៖ 089 208 282

រូបថតដោយ៖​ Bayon Unique Photography & Adventure​ លោក លឹមសុខន Mr. Lim Sokhorn