សណ្ឋាគារ Himawari Hotel Apartments និងសាលាអន្តរជាតិ SCIA រួមគ្នារៀបចំកម្មវិធីបុណ្យ Halloween

408

ភ្នំពេញ៖ កាលថ្ងៃសៅរ៍ ទី26 ខែតុលា ឆ្នាំ2019 សណ្ឋាគារ Himawari និងសាលាអន្តរជាតិ SCIA បានសហការគ្នារៀបចំកម្មវិធីបុណ្យ Halloween ដោយមានការចូលរួមពីក្មេងៗ រួមជាមួយក្រុមគ្រួសារប្រមាណជា 250នាក់​ នៅឯបរិវេណសណ្ឋាគារ និងក្នុងសាល Sunflower។​

- Advertisement -

ពិធីបុណ្យត្រូវបានរៀបចំចាប់ពីម៉ោង 11ព្រឹក រហូតដល់ 5ល្ងាច​ ដោយខាងសណ្ឋាគារបានរៀបចំតុបតែងកម្មវិធីទាំងមូលឱ្យដូចទៅនឹងពិធីបុណ្យ​ Halloween នៅឯបស្ចិមប្រទេស​ដែរ ដែលមានដូចជា៖ ការឆ្លាក់រូបល្ពៅជាក្បាលខ្មោច តុបតែងជាផ្ទះខ្មោច គូសមុខឱ្យដូចទៅនឹងខ្មោចសាហាវៗ​ បូករួមជាមួយនឹងការស្លៀកសម្លៀកបំពាក់ចេញជារូបរាងខ្មោចពិតៗ គួរឱ្យខ្លាចតែម្តង។

ភ្ញៀវ និងក្មេងៗដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនាពេលរសៀលនោះបានរីករាយជាមួយនឹងម្ហូបអាហារ ភេសជ្ជៈ ស្តង់លេងហ្គេមកម្សាន្តរបស់សណ្ឋាគារ Himawari ក៏ដូចជាស្តង់លេងហ្គេមកម្សាន្តរបស់សាលាអន្តរជាតិ SCIA ដែលពួកគាត់បានរៀបចំជាលក្ខណៈបុណ្យ Halloween តែម្តង។

លោក Andrew Tay គឺជានាយកប្រតិបត្តិរបស់សណ្ឋាគារ Himawari បានលើកឡើងនៅក្នុងពិធីបុណ្យ Halloween ថា «ពិធីបុណ្យ Halloween ដែលបានរៀបចំនៅសណ្ឋាគារ Himawari បានប្រហែលជា 5 លើករួចមកហើយ វាជាថ្ងៃពិសេសមួយដែលឪពុកម្តាយបាននាំកូនៗរបស់ពួកគាត់មកលេងកម្សាន្តនៅទីនេះ វាពិតជាគួរឱ្យខ្លាចបន្តិចមែន តែវាសប្បាយរីករាយ ហើយពួកគាត់អាចថតរូបទុកជាអនុស្សារីយ៍ជាមួយគ្នា»  លោកបន្ថែមទៀតថា «ឆ្នាំក្រោយ ខ្ញុំសង្ឃឹមថាក្មេងៗ ក៏ដូចជាឪពុកម្តាយនឹងមកចូលរួមក្នុងកម្មវិធីបុណ្យ Halloween​ នេះឱ្យបានច្រើនជាមួយពួកយើង ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ឆ្នាំនេះយើងទទួលបានការសហការពីសាលាអន្តរជាតិ SCIA ជាដៃគូក្នុងការរៀបចំកម្មវិធីបុណ្យ Halloween ជាមួយពួកយើងផងដែរ»។

លោក Andrew Tay គឺជានាយកប្រតិបត្តិរបស់សណ្ឋាគារ Himawari​ Hotel Apartments
លោក Edward Tiu ជាអនុប្រធានផ្នែកជ្រើសរើសសិស្ស និងការចូលរួមសហគមន៍ របស់សាលាអន្តរជាតិ SCIA (Singapore Cambodia International Academy​)

លោក Edward Tiu ជាអនុប្រធានផ្នែកជ្រើសរើសសិស្ស និងការចូលរួមសហគមន៍ របស់សាលាអន្តរជាតិ SCIA (Singapore Cambodia International Academy​) បាន​លើកឡើងថា «នេះជាលើកទី1 ហើយដែល SCIA បានរៀបចំកម្មវិធីបុណ្យ Halloween ជាមួយនឹងសណ្ឋាគារ Himawari ហើយពួកយើងរីករាយក្នុងការសហការជាមួយនឹងសណ្ឋាគារ Himawari ពីព្រោះពួកគាត់បានជួយជ្រោមជ្រែងសាលារបស់ពួកយើងយ៉ាងខ្លាំង ហើយយើងខ្ញុំសង្ឃឹមថា ក្មេងៗក៏ដូចជាកូនសិស្ស ឪពុកម្តាយនឹងសប្បាយរីករាយជាមួយពិធីបុណ្យ Halloween នេះ​ ពីព្រោះកម្មវិធីមានសកម្មភាពជាច្រើនរួមមាន គូសមុខ គូសជារូបភាព សិល្បៈដីឥដ្ឋ និងការលេងហ្គេមជាច្រើនប្រភេទផ្សេងៗទៀត យើងខ្ញុំសូមលើកទឹកចិត្តឱ្យក្មេងៗ ក៏ដូចជាឪពុកម្តាយអញ្ជើញចូលរួមជាមួយពួកយើងខ្ញុំ ហើយពួកគាត់ក៏អាចស្លៀកពាក់តាមបែប Halloween ផងដែរ។» លោកបានបន្ថែមទៀតថា​ «ជាចុងក្រោយតាងនាមខ្ញុំបាទជាអ្នកតំណាងឱ្យសាលា SCIA  ដែលជាសាលាអន្តជាតិមួយនៅក្នុងប្រទេសកម្ពុជា ខ្ញុំសូមលើកទឹកចិត្តឱ្យ​ក្មេងៗចូលរួមកម្មវិធីបុណ្យអន្តរជាតិឱ្យបានច្រើន គោលបំណងដែលយើងខ្ញុំបានសហការជាមួយសណ្ឋាគារ Himawari ក្នុងការរៀបចំប្រារព្ធពិធីបុណ្យ Halloween ថ្ងៃនេះពីព្រោះពួកយើងចង់ឱ្យពួកគាត់បានស្គាល់ពីបុណ្យជាលក្ខណៈអន្តរជាតិ ជាពិសេសពួកយើងចង់ឱ្យគាត់បានឈប់សម្រាកពីការសិក្សា និងចំណាយពេលវេលាជាមួយនឹងគ្រួសាររបស់ពួកគាត់»។

គួរបញ្ជាក់ផងដែរថា បុណ្យ Halloween ជាកម្មវិធីបុណ្យប្រពៃណីមួយរបស់ប្រជាជនរស់នៅឯបស្ចិមប្រទេសដែលគេតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅចុងខែតុលា ដើម្បីរំឭកដល់ព្រលឹងអ្នកដែលបានចែកឋានទៅ។ ពិធីបុណ្យនេះត្រូវបានគេប្រារព្ធធ្វើឡើងប្រហែលជាង 200ឆ្នាំមកហើយនៅតាមប្រទេសប៉ែកខាងអឺរ៉ុប ដូចជាប្រទេស អ៊ីរ៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្រ្តាលី និងប្រទេសផ្សេងៗទៀត ដែលជាទូទៅគេចូលចិត្តប្រារព្ធធ្វើឡើងនៅចុងសប្តាហ៍ មុន ឬក្រោយថ្ងៃបរិច្ឆេទ។ ចំពោះសកម្មភាពវិញពួកគេតែងតែប្រើផ្លែល្ពៅឆ្លាក់ជារូបក្បាលខ្មោច តុបតែងផ្ទះខ្មោច គូសមុខខ្មោច ស្លៀកពាក់ដូចខ្មោចចម្លែកៗ តុបតែងម្អូបអាហារបែប Halloween និងមានការលេងល្បែងប្រជាប្រិយបែបអឺរ៉ុប ដូចជាកីឡា និងគំនូរជាដើម។

សព្វថ្ងៃនេះពីធីបុណ្យ Halloween មិនមែនមានតែប្រជាជននៅប៉ែកអឺរុបទេដែលប្រារព្ធធ្វើឡើង ប៉ុន្តែនៅប៉ែកខាងអាស៊ី ដូចជា ចិន ថៃ ជប៉ុន ហុងកុង កូរ៉េ  ប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតក៏មានការពេញនិយមច្រើនផងដែរ។ ពីធីបុណ្យនេះវាប្រហាក់ប្រហែលទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងប្រទេសកម្ពុជាដែរ ព្រោះបុណ្យ Halloween គឺធ្វើឡើងក្នុងគោលបំណងរំឭកដល់សាច់ញាតិដែលបានចែកឋានទៅ ហើយពិធីបុណ្យក៏បានផ្តល់ជាចំណេះដឹងដល់កូនចៅជំនាន់ក្រោយឱ្យរំឭកពីបុព្វការីជនរបស់ពួកគេដែរ។

រូបថតដោយ៖​ សាគូរ៉ា អេងលី